សម្តេចប្រធានរដ្ឋសភាកម្ពុជា ជំរុញការបង្កើតជើងហោះហើរត្រង់រវាង កម្ពុជានិង បាគីស្ថាន និងការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនក្នុងវិស័យទេសចរណ៍

(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជំរុញការបង្កើតជើងហោះហើរត្រង់រវាង កម្ពុជានិង បាគីស្ថាន និងការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនក្នុងវិស័យទេសចរណ៍ ជាដើម។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ប៉ាគីស្ថាន ពិនិត្យលទ្ធភាពនៅក្នុងការពង្រីកការវិនិយោគនិងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដូចជាការកែច្នៃកសិផលផ្នែកអាហារហ៉ាល់ឡា “Halal” ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា និងឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅ កម្ពុជា បានប្តេជ្ញារួមគ្នានៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យរឹងមាំគ្រប់ជ្រុងជ្រោយឡើង ជាពិសេសជំរុញឱ្យមានការបង្កើតឡើង នូវអនុស្សរណៈយោគយល់គ្នា (MOUs) ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ នាពេលខាងមុខ ឆាប់ៗនេះ ក្នុងការបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរ។

ការប្តេជ្ញាចិត្តក្នុងការជំរុញឱ្យបង្កើតបាននូវអនុស្សរណៈយោគយល់គ្នា (MOUs) រវាងរដ្ឋសភាប្រទេសទំាងពីរនេះ បានធ្វើឡើងក្នុងឱកាស សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម នាព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤នេះ នៅវិមានរដ្ឋសភា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានអបអរសាទរការបោះឆ្នោតដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សានៅកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា ប៉ាគីស្ថានជាប្រទេសមួយ ដែលបានធ្វើជាសាក្សីនៅក្នុងការបោះឆ្នោតជាសកល កាលពីខែកក្កដា ដោយបានបញ្ជូនឥស្សរជនសំខាន់ៗរបស់ខ្លួន មកសង្កេតការណ៍ជាច្រើននាក់ ។

ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា នៅក្នុងកុម្ភៈខាងមុខនេះ ប៉ាគីស្ថាននឹងរៀបចំការបោះឆ្នោតសភា។ បន្ទាប់ពីការបោះឆ្នោតបង្កើតរដ្ឋសភាថ្មីហើយនោះ ប៉ាគីស្ថាននឹងលើកទឹកចិត្តជំរុញដល់ការបង្កើតនូវអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប៉ាគីស្ថាននិងកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយ ទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានគូសបញ្ជាក់ថា ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យរឹងមាំ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង ក៏ជាបំណងប្រាថ្នារបស់រដ្ឋសភាកម្ពុជាដែរ ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណប្រទេសប៉ាគីស្ថាន ដែលបានគំាទ្រដល់ការបោះឆ្នោតនៅកម្ពុជានិងតែងតែជួយលើកទឹកចិត្តដល់ការអភិវឌ្ឍនៅកម្ពុជា។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានជូនពរឱ្យការបោះឆ្នោតនៅប៉ាគីស្ថាន ទទួលបានជោគជ័យផងដែរ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner