ឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងអង្គមីទ្ទីង អបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា នៅមុខទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជា អធិបតី ភាពក្នុងអង្គមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៤) នៅបរិវេណសួនច្បារវិមានឯករាជ្យ ទីរួមខេត្តកំពង់ឆ្នាំង។
អង្គមីទ្ទីងដ៏មហោឡារិកនេះ មានការនិមន្តចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រឹទ្ធសភា និងក្រុមការងារចុះមូលដ្ឋាន គណៈអភិបាល និងក្រុមប្រឹក្សាខេត្ត ស្រុក ប្រធាន អនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីរាជការ អ្នកមុខអ្នកការ ក្រុមកាយរិទ្ធ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជន កម្ពុជា និងសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ១ម៉ឺន អង្គ/នាក់។
ការរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក៏មានការសម្តែងអំពីឈុតឆាក នៃ សោកនាកដកម្ម អំពើឃោរឃៅ ការកាប់សម្លាប់ប្រជាជនស្លូតត្រង់ ទុក្ខលំបាក វេទនាដ៏ឈឺចាប់ខ្លោចផ្សាក្នុងរបបដ៏សាហាវយង់ឃ្នងនោះ និងការរំដោះ
ខ្មែរឱ្យ រួច ផុត ពីការកាប់សម្លាប់ ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដណ្តើមជ័យជម្នះពីបនក្បត់នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដើម្បីជាការពញ្ញាក់ អារម្មណ៍មហាជន ឱ្យនឹកឃើញនូវការលះបង់ ដ៏មហាពលិកម្មយ៉ាងធំធេង និងការបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការរស់រានមានជីវិតរបស់ ប្រជាជន និងជាតិមាតុភូមិ។
បន្ទាប់មក ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឡើងអាន សុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុម ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជា ខ្លឹម សារ នៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា ដ៏មហោឡារឹក ដែលជាថ្ងៃបុណ្យជាតិរបស់ប្រជាជនកម្ពុជា ជាស្មារតីចងចាំជានិច្ច នូវការរួចផុតពីរបបប្រល័យពូជសាសន៍នាពេលនេះ។
ជាមួយនឹងស្នាមញញឹមដ៏កក់ក្តៅ និងរីករាយ ជាមួយនឹងអំណរសាទរ ទិវាជ័យជម្នះ ៧មករា ដែលបានធ្វើឱ្យប្រទេសជាតិ និងប្រជាជនមានជីវិតរស់រានឡើងវិញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពពេញ លេញទូទាំង ផ្ទៃប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងជំហានដ៏ស្វាហាប់ និងប្រក បដោយ មោទនភាព។
ក្នុងអង្គមីទ្ទីងនេះដែរ ក៏មានចំណាប់អារម្មណ៍ប្តេជ្ញាចិត្តរបស់ក្រុមយុវជនជា
អ្នកបន្តវេន បង្ហាញនូវការរំលឹកដឹងគុណ និងចងចាំជានិច្ចថា គ្រាដែលប្រទេស
ជាតិធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានកម្លាំងនយោបាយតែមួយគត់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះជាតិដណ្តើមបានមហាជ័យជម្នះ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីសេចក្តីស្លាប់ និងបានដឹកនាំប្រទេសជាតិ ធ្វើឱ្យប្រជាជនរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុខសន្តិភាព ប្រកបដោយសេចក្តីសង្ឃឹម និងភាពញញឹមស្រស់ស្រាយគ្រប់ពេលវេលា និងគ្រប់ទីកន្លែង រហូតមកដល់បច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា អង្គមីទ្ទីងទាំងមូល ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តរួបរួមគ្នាជាធ្លុងមួយ ដើម្បីបន្តថែរក្សាឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ដើម្បីបន្តការកសាង និង
ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕
សុខ គឹមសៀន