កម្ពុជា និងស្វីស ពិភាក្សាអំពីកាលានុវត្តភាព សម្រាប់ពង្រឹងកិច្ច សហប្រតិបត្តិការទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤បានទទួល ជំនួប សម្តែងការគួរសមពីលោក ម៉ាខាស ប៊ឺលី (Markus Buerli) នាយកសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC)នៅទីស្តីការក្រសួង។ជំនួបបាន ពិភាក្សាអំពីកាលានុវត្តភាពសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ ទេសចរណ៍ តាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញ (SDP) ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ជំនាញ អនុវត្តដោយអង្គការ ស្វីស ខន់ថាក់ និងអង្គការអន្តរជាតិខាងការងារ (ILO)។គម្រោង នឹងបង្កើតឱកាសការងារសមរម្យដល់យុវជន(DEY) សំដៅចូលរួមលើកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា,ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ស្របតាមស្តង់ដាជាតិនិងអាស៊ានជាពិសេសចូលរួមចំណែកយ៉ាងសកម្មដល់យុទ្ធសាស្ត្របណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនចំនួន ១,៥ លាន នាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ។
នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមរបស់ក្រសួងទេសចរណ៍ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក។ការប្រកួត ប្រជែង,ចីរភាពនិងបរិយាបន្នដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥-Build” ព្រមទាំងមាន សមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣-3Ds”។ក្នុងនោះកត្តាធនធាន មនុស្ស គឺជាអាទិភាពគន្លឹះរបស់ ក្រសួង ទេសចរណ៍ ដែលគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ ការអភិវឌ្ឍ និងសហប្រតិបត្តិការ បានចូលរួមចំណែកយ៉ាង សកម្ម នាពេលកន្លងមក។
លោក ម៉ាខាស ប៊ឺលី បានអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍សម្រាប់ អាណត្តិទី៧នេះ និងបានបង្ហាញពីកិច្ចគាំទ្ររបស់រដ្ឋាភិបាល ស្វីស តាមរយៈកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់ ឆ្នាំ២០២២-២០២៥ ដែលនឹងផ្តោតការយកចិត្តទុកដាក់គាំទ្រ ដល់រដ្ឋាភិបាលកម្ពុជាលើ ៖(១)ការចូលរូមចំណែករបស់ប្រជាជនក្នុងអភិបាលកិច្ចល្អ (២)កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្នតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនិង(៣)បម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ។
ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោក ម៉ាខាស ប៊ឺលី បាន ពិភាក្សាគ្នាបន្ថែមក្នុងការជំរុញអភិវឌ្ឍធនធានមនុស្ស តាមរយៈ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបន្តអនុវត្តកម្មវិធីអភិវឌ្ឍន៍ ជំនាញដំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨ ។ការរៀបចំ យន្តការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា។ រៀបចំប្រព័ន្ធធ្វើតេស្តសមត្ថភាពអ្នកជំនាញ តាម អនឡាញ និងគាំទ្រការកម្មវិធីគ្រប់គ្រងគោលដៅទេសចរណ៍ សម្រាប់រមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅកម្ពុជាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវការថ្លែងអំណរគុណ ចំពោះ ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដែលបានគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដល់យុវជនកី្រក្រងាយរងគ្រោះចំនួនប្រមាណ ជាង ៤ពាន់នាក់នៅតាមខេត្តគោលដៅគម្រោងចំនួន១០ ខេត្ត និងគាំទ្រចំពោះការពង្រីកខេត្តសម្រាប់បណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ដល់ខេត្តគោលដៅថ្មីចំនួន២ រួមមាន ខេត្ត កោះកុង និងខេត្តកំពង់ឆ្នាំង ចាប់ពីឆ្នាំ២០២៤តទៅ។
ក្នុងជំនួបដ៏ស្និទ្ធស្នាលនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោក ម៉ាខាស ប៊ឺលីបានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍បន្ថែមទៀត ជាពិសេសលើ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការគ្រប់គ្រង គោលដៅទេសចរណ៍ឱ្យមានភាពទាក់ទាញប្រកបដោយភាពប្រកួត ប្រជែងខ្ពស់៕
ដោយ៖ ចាន់ វិចិត្រ