ហ្វីលីពីន-ឥណ្ឌូនេស៊ីពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន និងការពារជាតិ

ម៉ានីល៖ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោក Marcos បានទទួលស្វាគមន៍ សមភាគីឥណ្ឌូនេស៊ី លោក Widodo នៅរដ្ឋធានីម៉ានីល កាលពីថ្ងៃពុធ សប្តាហ៍នេះ។ ភាគីទាំងពីរឯកភាពជំរុញទំនាក់ទំនងទ្វេភាគី កាន់តែរឹងមាំ ជាពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន និងការពារជាតិ។

ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo ជួបពិភាក្សាការងារជាមួយប្រធានាធិបតី នៃប្រទេសហ្វីលីពីន លោក Ferdinand Marcos នៅវិមានប្រធានាធិបតីហ្វីលីពីន ស្ថិតនៅក្នុងទីក្រុងម៉ានីល។

ក្នុងជំនួបនោះ មេដឹកនាំទាំងពីរបានយល់ព្រមថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន និងការពារជាតិ ឲ្យកាន់តែល្អប្រសើរថែមទៀត។

មេដឹកនាំទាំងពីរក៏បានអះអាងនូវ «ការទទូចនៃសកលភាព» នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ហៅកាត់ថា UNCLOS។ ពួកលោកទាំងពីរក៏បានយល់ស្របដូចគ្នា លើសារៈសំខាន់នៃការពង្រឹងឯកភាព ក្នុងតំបន់ផងដែរ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការ រយៈពេលបីថ្ងៃ នៅប្រទេសហ្វីលីពីន នាឪកាសនេះ លោក Widodo បាននិយាយថា លោកក៏បានពិភាក្សាជាមួយលោក Marcos អំពី មធ្យោបាយបង្កើនពាណិជ្ជកម្ម តាមរយៈការបើកទីផ្សារ កាន់តែទូលាយ ជាដើម ផងដែរ។

លោក Widodo បាននិយាយថា «ឥណ្ឌូនេស៊ីស្វែងរកការគាំទ្រពីហ្វីលីពីន ទាក់ទងនឹងវិធានការ ការពារពិសេស លើផលិតផលកាហ្វេឥណ្ឌូនេស៊ី»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner