ឆ្នាំ២០២៤នេះ ក្រុមហ៊ុននៅកម្ពុជា និងបរទេសគ្រោងបោះទុនវិនិយោគ ១៨០០លានដុល្លារនៅខេត្តព្រះសីហនុ
ភ្នំពេញ៖ ក្រុមហ៊ុន PITOU និង LJ ដែលជាក្រុមហ៊ុន អនុវត្តគម្រោងនៅកម្ពុជា បានបញ្ជាក់ថា ខ្លួនបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ជាមួយក្រុមហ៊ុន AMARTA PURA របស់ប្រទេសឥណ្ឌូណេស៊ី ; ក្រុមហ៊ុន DCI របស់ប្រទេសកូរ៉េ និងក្រុមហ៊ុន KWK របស់ប្រទេសសឹង្ហបុរី ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ជាលក្ខណៈរាជា បេតិកភណ្ឌទេសចរណ៍ដែលមាននៃទំហំផ្ទៃដី ២២.៥ ហិកតាស្ថិតនៅក្នុង សង្កាត់បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ការវិនិយោគនេះមានទឹកប្រាក់សរុប ចំនួន ១៨០០ លានដុល្លារអាមេរិក ជាគម្រោងដ៏ធំ ដែលផ្ដោតទៅលើ សណ្ឋាគារ កាស៊ីណូ កន្លែងវាយកូនហ្គោល ផ្សារទំនើប មន្ទីរពេទ្យអន្តរជាតិ សាកលវិទ្យាល័យអន្តរជាតិ និងប្រភេទកីឡាទេសចរណ៍ ជាមួយនឹងសំណង់អគារ ប្រណិតៗជាច្រើនទៀត។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ក្រោយបញ្ចប់ពិធីចុះកិច្ចព្រមព្រៀងវិនិយោគនិង អនុស្សារណៈយោគយល់គ្នានៅសណ្ឋាគារភ្នំពេញនាព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ២០២៤ លោក ឃៀង ខេមរិន្ទ តំណាងក្រុមហ៊ុនវិនិយោគនៅកម្ពុជា បានប្រាប់ឲ្យដឹងថា ៖ គម្រោងវិនិយោគមួយនេះនឹង ចាប់ផ្ដើមនៅអំឡុងពាក់កណ្តាលឆ្នាំ២០២៤ នេះ ហើយបញ្ចប់សព្វគ្រប់រយៈពេលប្រមាណ ១០ ឆ្នាំទៀត ។ ក្រោយពីការចុះកិច្ចព្រមព្រៀងនេះទៅគេនឹងតម្លើងប្លង់មេ និងប្លង់លំអិត រៀបចំជាសិក្ខាសាលា ដាក់ឆ្លងក្រសួងជំនាញពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍វិនិយោគ ពីរាជរដ្ឋាភិបាលកម្ពុជា ។
លោកបានបញ្ជាក់ថា សម្រាប់គម្រោងអភិវឌ្ឍន៍នេះគឺភ្ជាប់ជាមួយ អនុក្រិត្យរបស់រាជរដ្ឋាភិបាល លេខ៤០ អនក្របក ចុះថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩ ស្ដីពីការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ក្នុងការជំរុញលើកកម្ពស់វិស័យទេសចរណ៍របស់ជាតិ ដោយគោលដៅទាក់ទាញចំបង លើភ្ញៀវទេសចរមកពី ប្រទេស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កូរ៉េ ជប៉ុន ចិន ជាដើម ។ គម្រោងនេះដំបូងយើងរៀបចំឡើងលើផ្ទៃដី ២២.៥0ហិកតាសិន ដោយយកដៃគូអ្នកជំនាញបច្ចេកទេសពីប្រទេស កូរ៉េនិង សិង្ហបុរី ហើយបន្តបន្ទាប់ទៀតយើងនឹងរៀបចំគម្រោងរហូតដល់ផ្ទៃដី ២០០ហិកតា ។
ជាមួយគ្នានេះដែរលោកក៏រំពឹងថានឹងទទួលបានជោគជ័យ មុននឹងឈានដល់ ការចុះកិច្ចព្រមព្រៀងវិនិយោគនិងអនុសារណ: យោគយល់គ្នានេះ យើងបានជជែកគ្នាលំអិតរួចមកហើយ ជាមួយដៃគូវិនិយោគរបស់យើង ដែលធ្លាប់មានបទពិសោធន៍ ក្នុងការរៀបចំគម្រោង ដូចជានៅប្រទេសវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី ហុងកុង ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ។ ក្រោយពេលគម្រោងវិនិយោគបានសាងសង់រួចរាល់ លោករំពឹងថានឹងបានជួយដល់សេដ្ឋកិច្ចនិងវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត ។
លោកអំពាវនាវឱ្យគ្រប់ភាគីជំនាញទាំងអស់ ជាពិសេសអាជ្ញាធរដែនដី ក្រសួងជំនាញពាក់ព័ន្ធ ចូលរួមសហការគាំទ្រ ជំរុញឲ្យគម្រោងវិនិយោគមួយនេះទទួល បានជោគជ័យទៅថ្ងៃអនាគត សម្រាប់ជាប្រយោជន៍ជាតិ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ រិន រចនា
(FB-TT)