ក្រសួងអប់រំបញ្ជាក់ពី ការក្លែងបន្លំសញ្ញាបត្របាក់ឌុប ក្នុងការដាក់ពាក្យប្រឡង ជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងមួយពីការ ក្លែងបន្លំ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ក្នុងការដាក់ពាក្យចូលរួម ប្រឡងជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង។
ក្នុងសេចក្តីជូនដំណឹងដែលចេញកាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៤ ក្រសួងអប់រំបានឱ្យដឹងថាគណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការ បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ជម្រាប ជូនសិស្សានុសិស្សដែលបាន ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖កន្លងមកគណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការ បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ធ្លាប់បានរកឃើញមាននិស្សិត ក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានលុបឈ្មោះចេញពីបញ្ជី ឈ្មោះនិស្សិតប្រឡងជ្រើសរើសជាប់ចូលរៀន នៅតាមគ្រឹះស្ថានបណ្តុះ បណ្តាលវិស័យសុខាភិបាលនានា ជាបន្តបន្ទាប់។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាក្នុងគោលបំណងបញ្ចប់ការក្លែងបន្លំឯកសារសាធារណៈមានជាអាទិ៍៖ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ និងដើម្បីរក្សា សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់កិត្យានុភាពគ្រូពេទ្យ និងលើកកម្ពស់តម្លៃ នៃសីលធម៌សេចក្ដីថ្លៃថ្នូរក្នុងសង្គម ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ នឹងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជានានា ដោយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ តាមបញ្ញត្តិមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ ស្តីពីបទក្លែងបន្លំឯកសារសាធារណៈ ចែងថា “ការក្លែងបន្លំ ប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញ ឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិអត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៥(ប្រាំ) ទៅ១០(ដប់) ឆ្នាំ”។ ដោយមិនលើកលែង មិនយោគយល់ មិនអត់អោន មិន អនុគ្រោះឡើយ ចំពោះបុគ្គលជាបេក្ខជនដែលបានប៉ុនប៉ង ឬក្លែងបន្លំសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬឯកសារសាធារណៈពាក់ព័ន្ធដទៃទៀតតាមរូបភាព ណាក៏ដោយ ក្នុងការដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិ ៕
ដោយ ៖ ម៉ាដេប៉ូ