ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមសហការ ឯកភាពគ្នាជាធ្លុងមួយក្នុងការបំពេញតួនាទីភារកិច្ចជូនជាតិនិងប្រជាជន
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បើកកិច្ចប្រជុំពិនិត្យ វាយតម្លៃនិងលើកទិសដៅការងារបន្តរបស់ក្រសួង នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្រោយពេលដែលកម្ពុជាប្រារព្ធរំលឹកខួបនៃទិវាជ័យជំនះ៧មករា និងស្របពេលដែលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានបិទបញ្ចប់នូវការដាក់ចេញគោលនយោបាយសំខាន់ៗសម្រាប់នីតិកាលទី៧ នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីយល់ឃើញថា ជារួម ការឯកភាពគ្នាគឺជាកិច្ចការសំខាន់ដើម្បីជំរុញឲ្យសម្រេចបានជោគជ័យនូវរាល់ការអនុវត្តការងារទាំងឡាយរបស់ក្រសួង និងបានលើកឡើងនូវចំណុចសំខាន់៣ធំៗ គឺប្រវត្តិដែលកម្ពុជាធ្លាប់ឆ្លងកាត់កាលពីអតីតកាល អ្វីដែលយើងកំពុងតែមាននាពេលបច្ចុប្បន្នគឺខិតខំពូនជ្រុំនិងកសាងបន្ថែម ហើយកិច្ចការដែលត្រូវអនុវត្តនៅចំពោះមុខគឺមិនមានអ្វីគួរឱ្យស្មុគស្មាញពេកនោះទេគឺធ្វើយ៉ាងណាឲ្យការបំពេញកិច្ចការនានា ស្របទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍត្រូវស្របតាមប៉ូលសេដ្ឋកិច្ចនិងសក្តានុពលនៃតំបន់និមួយៗ សំដៅបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងជំរុញសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គោលបំណងសំខាន់នៃការជួបប្រជុំគ្នានាពេលនេះគឺដើម្បីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជាផ្សារភ្ជាប់ និងតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលត្រូវខិតខំប្រឹងប្រែងក្នុងការអនុវត្តប្រកបដោយក្តីមោទនៈ រក្សាគុណតម្លៃក្នុងនាមជាមន្ត្រីរាជការរួមសហការឯកភាពគ្នាជាធ្លុងមួយក្នុងការបំពេញតួនាទីភារកិច្ចជូនជាតិនិងប្រជាជន និងរួមគ្នាកសាងកម្ពុជាមួយចាប់ពីពេលនេះបន្តទៅមុខទៀតឱ្យក្លាយជាដែនដីសុវណ្ណភូមិមួយដ៏ពិតប្រាកដ ៕
ដោយ / គ្រី សម្បត្តិ