រូងភ្នំបុរេប្រវត្តិក្បាលរមាស បានក្លាយជាកន្លែងទាក់ទាញ ទេសចរកីឡាឡើងជញ្ជាំងភ្នំ
កំពត៖មន្ត្រីជំនាញ និងមគ្គទេ្ទសក៍កីឡាទេសចរណ៍ ក្លីម បូឌា(Climbodia) បានអះអាងថា បច្ចុប្បន្នទេសចរជាតិ និងអន្តរជាតិ បានមកទស្សនាតំបន់រមណីយដ្ឋាន រូងភ្នំបុរេ ប្រវត្តិក្បាលរមាសកំពត មានចំនួនកាន់តែច្រើនបន្ទាប់ពី កីឡា ទេសចរឡើង ជញ្ជាំងភ្នំត្រូវបានបង្កើតឡើងនិង ទទួលបាន ការគាំទ្រនោះ។ក្រុមទេសចរនិយាយ ថាការឡើងជញ្ជាំងភ្នំ ជាបទពិសោធថ្មី ហើយមានប្រយោជន៍ដល់សុខភាព និងបំបាត់ជំងឺធុញថប់អារម្មណ៍។
អ្នកគ្រប់គ្រង និងចាត់ការទូទៅផ្នែកកីឡាទេសចរណ៍ក្លីមបូឌា (Climbodia) និងជាមគ្គទេ្ទសក៍ទេសចរណ៍នៅខេត្តកំពត លោក អោក សីហា បានប្រាប់ឱ្យដឹងថា ក្លីមបូឌា បង្កើតឡើង នៅតំបន់រូងភ្នំបុរេប្រវត្តិក្បាលរមាស(ភ្នំនាងសេដាឱន)នាអំឡុង ឆ្នាំ២០១៣ ។ ជាកីឡាទេសចរមួយប្រភេទប្លែក ហើយ ទាក់ ទាញភ្ញៀវកាន់តែខ្លាំង។
លោកបន្តថា ទេសចរជាតិ និងអន្តរជាតិបានមកតំបន់ រមណីយដ្ឋាន រូងភ្នំបុរេប្រវត្តិក្បាលរមាសកាន់តែច្រើន ព្រោះនៅទីនេះ អ្នកទេសចរ អាចទស្សនារូងភ្នំ ប្រាង្គ ប្រាសាទបាក់បែក ថ្មផូស៊ីល ការឡើងដើរឆ្លងតាមជ្រលង ភ្នំដោយខ្សែកាបសុវត្ថិភាពការសម្រូត ខ្លួនចុះពីកំពូលភ្នំ ការឡើងជញ្ជាំងថ្មជាដើម ។នៅលើកំពូលភ្នំអ្នកទេសចរអាច គយគន់ទេសភាពនានាដូចជា ចម្ការម្រេច ភ្នំបូកគោ និងទេសភាពខេត្តកែប ។
ចំណែកក្រុមសិស្សភាសាបារាំងមកពីរាជធានីភ្នំពេញបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាខាងសាលាជាអ្នករៀបចំដំណើរកម្សាន្ត មកខេត្តកំពត ។ពួកគេមិនបានដឹងថា ត្រូវមកឡើង ភ្នំដូច្នេះ ទេ។ ដំបូងពូកគាត់ភ័យខ្លាច ប៉ុន្តែក្រោយពេលស្តាប់ ការណែនាំ វិធីឡើងភ្នំ និងការពារសុវត្ថិភាព និងបានសាក ល្បងឡើង ទើបដឹងថាវាប្លែកអារម្មណ៍ហើយសប្បាយ។ក្រុមសិស្សទាំងនោះបន្តថា កំពត ពិតជាមានកន្លែងដើរលេង ប្លែកៗច្រើន ។ពួកគេមកជាច្រើនដងហើយ ប៉ុន្តែសកម្មភាព កម្សាន្តថ្មី និងប្លែករហូត។
ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សយ ស៊ីណុល បានប្រាប់ ឱ្យដឹងថា តំបន់រមណីយដ្ឋាន រូងភ្នំបុរេប្រវត្តិក្បាលរមាស ស្ថិត នៅឃុំត្រពាំងព្រីង ស្រុកទឹកឈូជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់ខេត្តកំពត។បច្ចុប្បន្នភ្ញៀវទេសចរភាគច្រើនចូល ចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ។ពិសេសសកម្មភាព កីឡា របស់ ក្លីមបូឌា គឺឆ្លើយតបទៅនឹងតម្រូវការភ្ញៀវ ហើយការ រៀបចំ បានល្អ ធានាដល់សុវត្ថិភាព ផ្តល់នូវសុខភាព និងភាព សប្បាយរីករាយ។
លោកបន្តថា រយៈពេលចុងក្រោយលោកសង្កេតឃើញថា ភ្ញៀវទេសចរជាតិបានទៅលេងច្រើនខណៈដែលពីមុនមាន តែភ្ញៀវទេសចរបរទេសប៉ុណ្ណោះទៅលេងទីនោះ៕
អត្ថបទនិង រូបថត ៖សិលា សារិន