អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន កោតសរសើរចំពោះតួនាទីស្នូលរបស់សម្តេចតេជោ ក្នុងការសម្រេចបាននូវសន្តិភាពពេញលេញក្នុងដំណាក់កាលបន្តបន្ទាប់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស
ភ្នំពេញ៖ ឯកឧត្តម កូមួរ៉ា ម៉ាសាហ៊ិកូ (Komura Masahiko) អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងនូវការកោតសរសើរចំពោះតួនាទីស្នូលរបស់សម្តេចតេជោ ក្នុងការសម្រេចបាននូវសន្តិភាពពេញលេញក្នុងដំណាក់កាលបន្តបន្ទាប់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស ព្រមទាំងការការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនមកទល់សព្វថ្ងៃនេះ។ ការកោតសរសើរនេះ នៅក្នុងជំនួបសំដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រជានគណបក្សប្រជាជនកម្ពុជា នៅសណ្ឋាគារ New Otani Tokyo កាលពីរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤។
នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះគ្រោះមហន្តរាយរញ្ជួយដីថ្មីៗនេះនៅប្រទេសជប៉ុន និងឧបទ្ទវហេតុនៃការប៉ះទង្គិចយន្តហោះ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។ សម្តេចតេជោក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុនដែលបានជួយយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុវត្ថិភាពរបស់និស្សិត កម្មសិក្សាការី និងពលករកម្ពុជាដែលកំពុងសិក្សា និងធ្វើការនៅតំបន់រងគ្រោះដោយសារការរញ្ជួយផែនដីផងដែរ។
ចំណែកឯកឧត្តម កូមួរ៉ា ម៉ាសាហ៊ិកូ បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ដែលបានឆ្លៀតពេលមមាញឹកទទួលជួបឯកឧត្តម និងមានក្តីរំភើបរីករាយដោយមានឱកាសរំលឹកដល់អនុស្សាវរីយល្អៗកាលពីអតីតកាលក្នុងនាមមិត្តភក្តិចាស់ ជាពិសេសក្នុងដំណាក់កាលចរចាស្វែងរកសន្តិភាព ការចូលរួមចំណែករបស់ជប៉ុនក្នុងការបង្កើតឧត្តមក្រុមប្រឹក្សាជាតិ (SNC) និងដំណើរការស្តារប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីសង្រ្គាមស៊ីវិលជាដើម។ ក្នុងនោះឯកឧត្តមបានសម្តែងនូវការកោតសរសើរចំពោះតួនាទីស្នូលរបស់សម្តេចតេជោ ក្នុងការសម្រេចបាននូវសន្តិភាពពេញលេញក្នុងដំណាក់កាលបន្តបន្ទាប់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស ព្រមទាំងការការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនមកទល់សព្វថ្ងៃនេះ។
ទន្ទឹមនេះ ឯកឧត្តមបានបង្ហាញនូវជំនឿទុកចិត្តលើរាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយភាពជឿជាក់ ក្នុងការបន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការបន្តដឹកនាំប្រទេសកាន់តែរីកចម្រើនថែមទៀត ព្រមទាំងបន្តពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី កម្ពុជា-ជប៉ុនឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ នៅចុងបញ្ចប់នៃជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេស ក៏បានយកឱកាសនេះពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាជុំវិញបញ្ហាភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ដែលក្នុងនោះមានទាំងស្ថានការណ៍នៅមីយ៉ាន់ម៉ាផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន