ស្រុកទឹកឈូ ដាក់ឱ្យដំណើរការប្រឡងប្រណាំងភូមិឋានស្អាត និងសាលារៀនគំរូជាលើកដំបូង
កំពត៖មន្រ្តីមូលដ្ឋាន និងគ្រូបឋមសិក្សាបាននិយាយថា ការ ដាក់ឱ្យប្រឡងប្រណាំងភូមិឋានស្អាត និងសាលារៀនគំរូ អនាម័យ បរិស្ថានស្អាត (បឋមសិក្សា) របស់លោកអភិបាល ស្រុកទឹកឈូ គឺជាគំនិតមួយល្អបំផុត។ ពួកគាត់គាំទ្រនិង ចូលរួមយ៉ាងពេញ ទំហឹង ព្រោះចលនាប្រឡងប្រណាំងនេះ ព្រោះវាជួយឱ្យពលរដ្ឋ និងសិស្សកាន់តែយល់ដឹង និងចូល រួមថែរក្សាអនាម័យបរិស្ថាន មានសុខភាពរឹងមាំ ភូមិឋានស្អាត បៃតង និងទាក់ទាញដល់ភ្ញៀវទេសចរទៀតផង។
លោក ស៊ី ប៊ូន នាយកសាលាបឋមសិក្សាក្បាលរមាស បានឱ្យដឹងថា សាលាក្បាលរមាសបច្ចុប្បន្នមាន អគារបី ខ្នង អគារចាស់ ទ្រុឌទ្រោមប្រើការមិនកើតមួយខ្នង និងអគារ សិក្សាពីរខ្នង ប្រាំបួនបន្ទប់ ។មានសិស្សសរុប ៤២៩នាក់ ។ កន្លងមកក្រសួង មានកម្មវិធីសាលាកុមារមេត្រី ដែលមាន បីកម្រិត (កម្រិតមូលដ្ឋាន ធម្យម និងកម្រិតអភិវឌ្ឍន៍) ។សាលាក្បាលរមាសស្ថិតក្នុង សាលារៀនកម្រិតមធ្យម នៅឡើយ ទេ ហើយការប្រកាសដាក់ឱ្យប្រើប្រាស់សាលាស្តង់ដាគំរូនោះ សាលាក្បាលរមាសក៏មិនទាន់ បានទទួលចំណាត់ថ្នាក់នៅ ឡើយ ដែរ។ ដោយឡែកចំពោះគំនិតផ្តួចផ្តើមដាក់ ឱ្យ ប្រឡង ប្រណាំងភូមិឋានស្អាត និងសាលារៀនគំរូ អនាម័យ បរិស្ថាន (បឋមសិក្សា) របស់លោកអភិបាលស្រុកទឹកឈូ ជាគំនិត មួយល្អបំផុតសម្រាប់សាលាររៀន និងសិស្សបឋមសិក្សា។
ចំណែកមេភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត លោក ប៉ាន់ ប៉ុន បាននិយាយថាក្រោមការដឹកនាំរបស់អភិបាល ស្រុកទឹកឈូ លោក និងប្រជាពលរដ្ឋពេញចិត្តយ៉ាងខ្លាំង ដោយសារលោកអភិបាលមានគំនិតដឹកនាំឈ្លាសវៃមានផែនការ អនុវត្តច្បាស់លាស់ ធ្វើឱ្យពលរដ្ឋមានភាពកក់ក្តៅក្នុងការ ទទួលសេវាសាធារណៈនិងរដ្ឋបាលផ្សេងៗ។ជាក់ស្តែង ការ បង្កើត ចលនាប្រឡងប្រណាំងភូមិឋានស្អាត និង សាលារៀន គំរូ អនាម័យបរិស្ថាននេះ ជាគំរូល្អណាស់ សម្រាប់ បណ្តាស្រុក ផ្សេងៗ ព្រោះខេត្តកំពតជាខេត្តគោលដៅ ទេសចរណ៍ដ៏ល្បី មួយរបស់កម្ពុជា។
លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានបញ្ជាក់ថា រដ្ឋបាលស្រុកបានដាក់ឱ្យ ដំណើរការការប្រឡងប្រណាំង ភូមិឋានស្អាត ទាំង៥៥ភូមិ ក្នុងស្រុកទឹកឈូ និងការប្រឡង ប្រណាំងសាលារៀនគំរូ អនាម័យបរិស្ថានទាំង៤៥សាលា បឋមសិក្សា ក្នុងស្រុក ជាផ្លូវការនៅថ្ងៃទី១០ ខែមករានេះ ក្រោមពាក្យស្លោក “ បរិស្ថានស្អាត សាលារៀនគំរូ គឺផ្តើមចេញ ពីពួកយើង គ្រប់ យ៉ាងដើម្បី “ទឹកឈូ ផ្ទះយើង” ហើយ ការ ប្រកាសលទ្ធផលវាយតម្លៃ នឹងធ្វើឡើងនៅអំឡុងខែមិថុនា ខាងមុខ។ ចំពោះ ភូមិឋាន និងសាលារៀនដែលត្រូវបាន គណៈកម្មការវាយតម្លៃជ្រើសរើសជាភូមិឋានស្អាត និង សាលារៀនគំរូ ចំណាត់ថ្នាក់លេខ១ ទទួលបានទឹកប្រាក់ ៥លានរៀល ,ចំណាត់ថ្នាក់លេខ២ ទឹកប្រាក់ ៣លានរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានទឹកប្រាក់ ២លានរៀល ៕
អត្ថបទនិងរូបភាព៖ សិលា សារិន