រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បំភ្លឺអំពីករណីទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកមួយចំនួនចុះផ្សាយព័ត៌មានញុះញង់ដោយយកការសរសេររិះគន់ ឬការបញ្ចេញមតិអំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស) បានបកស្រាយបំភ្លឺអំពីករណីទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកមួយចំនួន ដែលបានចុះផ្សាយព័ត៌មានញុះញង់ដោយយកការសរសេររិះគន់ ឬការបញ្ចេញមតិរបស់ភ្ញៀវទេសចរប៉ុន្មាននាក់ អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) មកបង្ហោះភ្ជាប់ជាមួយនឹងខ្លឹមសារ «ភ្ញៀវទេសចរអន្តរជាតិរិះគន់យ៉ាងចាស់ដៃទៅលើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការគ្រប់គ្រង និងប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) ដែលតែងតែយកអតិថិជនជាធំ។
ក្នុងន័យនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់បំភ្លឺជូនសាធារណជនថា៖
១.ការសរសេររិះគន់អំពីការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ដោយលើកយកការ បញ្ចេញមតិដែលមានកាលបរិច្ឆេទតាំងពីជាង២-៩ខែមុនមក ជាព័ត៌មានបំភ្លៃការពិតទាំងស្រុង ពីព្រោះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) ទើបតែសាងសង់រួច និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តែប៉ុណ្ណោះ (ដែលមានរយៈពេលមិនដល់២ខែផង)។
២.ការសរសេររិះគន់អំពីបុគ្គលិកអាកាសយានដ្ឋានសុំលុយធិបពីភ្ញៀវទេសចរ ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។ ទោះយ៉ាងណាក៏ដោយ ក្នុងនាមជាស្ថាប័នក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ យើងបានសហការជាមួយក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន ដើម្បីណែនាំ ផ្សព្វផ្សាយ និងក្រើនរំលឹកបន្ថែមដល់បុគ្គលិក របស់អាកាសយានដ្ឋានទាំងអស់ឱ្យគោរពប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ វិជ្ជាជីវៈ និងគោលការណ៍ ស្តង់ដា ប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនក្នុងការផ្តល់សេវាដល់អតិថិជនឱ្យកាន់តែល្អប្រសើរ។
៣.ចំពោះការរិះគន់ ឬការបញ្ចេញមតិ ដោយការផ្ដល់ពិន្ទុ និងវាយតម្លៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរនេះមានកម្រិតផ្កាយប៉ុន្មាននោះ គឺមិនអាស្រ័យទៅលើអារម្មណ៍ និងការសន្និដ្ឋានដោយគ្មានមូល ដ្ឋាន និងប្រភពច្បាស់លាស់របស់បុគ្គលទាំងនោះឡើយ។ ស្ដាយត្រាក (Skytrax) គឺជាស្ថាប័នអន្តរជាតិ ឈានមុខគេដែលធ្វើការស្រាវជ្រាវ និងវាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន ដោយផ្អែកលើគុណភាពនៃសេវាកម្ម និងកិច្ចដំណើរការរបស់អាកាសយានដ្ឋានទាំងនោះ។ ស្ដាយត្រាក (Skytrax) មានប្រព័ន្ធវាយតម្លៃដោយកម្រិតផ្កាយ៥ គឺជាចំណាត់ថ្នាក់ខ្ពស់បំផុត ដែលអាកាសយាន ដ្ឋានទាំងនោះអាចទទួលបាន។ ប្រព័ន្ធវាយតម្លៃទាំងនោះគឺផ្អែកលើកត្តាជាច្រើនរួមមាន ឋបនីយភ័ណ អាកាសយានដ្ឋាន អនាម័យ សេវាកម្មបុគ្គលិក និងបទពិសោធន៍របស់អ្នកដំណើរ។
៤.ការសរសេររិះគន់អំពីក្រដាសប្រាក់ដុល្លារ ដែលយកទៅចាយមិនដាច់ (អាចជាក្រដាសប្រាក់ចាស់ ឬមានស្នាមប្រឡាក់ ឬរហែក) បន្ទាប់ពីទទួលលុយអាប់ក្រោយពីបង់ថ្លៃតាក់ស៊ី ករណីនេះគឺគ្មានការពាក់ព័ន្ធ ដល់ការគ្រប់គ្រង និងប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឡើយ។
៥.ការសរសេររិះគន់អំពីមន្ត្រីអន្តោប្រវេសន៍អាកាសយានដ្ឋានពាក់ព័ន្ធនឹងអំពើពុករលួយ គឺជាព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានចេញសេចក្តីបំភ្លឺព័ត៌មាននេះ រួចហើយដែរ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានធ្វើការបញ្ជាក់ថា ការលើកយកសារបញ្ចេញមតិរបស់ភ្ញៀវទេសចរប៉ុន្មាននាក់តាមបណ្តាញសង្គមតាំងពីមុនពេលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) មកចុះផ្សាយដើម្បីវាយប្រហារលើអាកាសយានដ្ឋាននេះ គឺជាចេតនាទុច្ចរិតដ៏អាក្រក់ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងកិច្ចខិតខំប្រឹងប្រែងបម្រើអតិថិជនរបស់អាកាសយានដ្ឋានតែប៉ុណ្ណោះ។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក៏បញ្ជាក់ជូនសាធារណជនផងដែរថា យើងបានខិតខំប្រឹងប្រែងក្នុងការសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីពង្រឹង និងធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាដល់អ្នកដំណើរ ភ្ញៀវទេសចរ ក៏ដូច ជាអតិថិជនទាំងអស់ ដែលប្រើប្រាស់សេវាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានផ្សេងទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ បង្កើតការងារជូនប្រជាពលរដ្ឋទាំងបរិមាណ និងគុណភាព ជាពិសេសទាក់ទាញ វិនិយោគិនក្នុងភាពជាដៃគូ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍលើកស្ទួយវិស័យទេសចរណ៍ វិស័យ អាកាសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។
ដោយឡែក បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ យើងឃើញថា អាកាសយានដ្ឋានបានបង្ហាញសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ក្នុងការជំរុញកំណើនភ្ញៀវទេសចរ ចេញ-ចូលខេត្តសៀមរាប មានការកើនឡើងគួរជាទីកត់សម្គាល់។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះមានការមមាញឹកក្នុងការទទួលជើងហោះហើរគ្រប់ប្រភេទទាំងក្នុងស្រុក និងអន្តរជាតិ ដូចគ្នានឹងប្រតិបត្តិការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសផងដែរ៕