រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យលើគម្រោងសំណើ ស្តីពីការកសាង ទំនាក់ទំនង រវាងការស្រាវជ្រាវ អប់រំ ការផ្សព្វផ្សាយកសិកម្មតាមរយៈការ អភិវឌ្ឍ ស្ថាប័ន និងធនធានមនុស្ស
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមប្រជុំពិនិត្យលើគម្រោងសំណើ ស្តីពីការកសាងទំនាក់ទំនង រវាងការស្រាវជ្រាវ អប់រំ ការផ្សព្វផ្សាយកសិកម្មតាមរយៈការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រសួងកសិកម្មបានឱ្យដឹងថាក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តិទៅនៅ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំថាការផ្សព្វផ្សាយត្រូវមានភាពត្រឹមត្រូវ និងពិតប្រាកដទៅដល់សហគមន៏កសិកម្ម និងកសិករ ដោយមិនផ្សព្វផ្សាយ បច្ចេកទេស ដែលខុសនោះទេ។ លើសពីនេះទៅទៀត ការផ្សព្វផ្សាយត្រូវប្រកប ដោយ ក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ ព្រមទាំងមានការវាយតម្លៃគ្រប់ជ្រុងជ្រោយ និងចំទិសដៅ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យើងត្រូវមានភាពម្ចាស់ការក្នុងការគ្រប់គ្រង និងមានការរៀបចំផែនការអោយបានត្រឹមត្រូវច្បាស់លាស់ ដើម្បីសំរេចការងារបានជោគជ័យ។
គួរបញ្ជាក់ថា គម្រោងសំណើខាងលើនេះ មានរយៈពេល ៥ឆ្នាំ ជាកិច្ចសហការ រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និង KOICA ដែលមានគោល បំណង កសាងទំនាក់ទំនងរវាងការស្រាវជ្រាវអប់រំ និងផ្សព្វផ្សាយកសិកម្ម តតាមរយៈ អភិវឌ្ឍ ស្ថាប័ន និងធនធានមនុស្ស៕
ដោយ៖ម៉ាដេប៉ូ