សឹករងកំពង់ធំ ប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យ សម្រាប់ទទួលព្រះសង្ឃ ជាង ៥០០អង្គ និមន្តមកប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង រយៈពេលបីថ្ងៃ
(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី និងក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋាន បាននាំយកបច្ច័យ ទេយ្យទាន ទៅប្រគេនព្រះសង្ឃជាង ៥០០អង្គ ដែលនិមន្តមកពីតាមបណ្ដាក្រុង-ស្រុកទាំង ៩ នៅក្នុងខេត្តកំពង់ធំ មកប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង រយៈពេលបីថ្ងៃ នៅវត្តឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំ ភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា ដើម្បីជួយសម្រាលដល់ការលំបាករបស់ព្រះទេពសត្ថាបារមី សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា នៃ កម្ពុជា ព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ក្នុងការផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃដល់ព្រះសង្ឃចំនួនជាង ៥០០អង្គ រយៈពេល ៣ថ្ងៃ ក្នុងពេលនិមន្តមកប្រលងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង ទើបថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្នុងការជួយទំនុកបម្រុងដល់ព្រះសង្ឃ ដែលជាស្រែបុណ្យរបស់ពុទ្ធសាសនិកជនគ្រប់រូបៗ ដោយបាននាំយកនូវអង្ករចំនួន ៥០០គីឡូក្រាម មីជាតិចំនួន១០ កេស ត្រីខកំប៉ុងចំនួន១០ យួរ ទឹកពិសាបរិសុទ្ធវិតាល់ចំនួន២០កេស និងបច្ច័យមួយចំនួនផងដែរ ។
ព្រះទេពសត្ថាបារមី សៀង សុខ ព្រះ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ដែលលោកតែងតែជួយឧបត្ថម្ភគាំទ្រក្នុងវិស័យព្រះពុទ្ធសាសនា និងបានជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗរបស់ព្រះសង្ឃនៅតាមទីវត្តអារាមនានានៅក្នុងខេត្តកំពង់ធំកន្លងមក ពិសេសនៅទីអារាមវត្តកំពង់ធំនៅពេលនេះ ៕
ដោយ ប៊ុន រដ្ឋា