រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញប្រកាសសម្រេចលុបឈ្មោះគណបក្សបញ្ញាទំនើប ចេញពីបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចលុបឈ្មោះគណបក្សបញ្ញាទំនើបចេញពីបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ តាមសំណើរបស់តំណាងស្ថាបនិកគណបក្ស។ នេះបើយោងតាមប្រកាសចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ដែល AMS ទើបទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។
លោក អ៊ឹម សូនិត តំណាងស្ថាបនិកគណបក្សបញ្ញាទំនើប កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានដាក់លិខិតគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបោះបង់ដំណើរការចុះបញ្ជីគណបក្សបញ្ញាទំនើប នៅក្រសួងមហាផ្ទៃ។
លោក អ៊ឹម សូនិត បានជម្រាបជូនឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យបង្កើតគណបក្សបញ្ញាទំនើប តាមលិខិតលេខៈ២១៨២ សជណ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ តំណាងស្ថាបនិកគណបក្ស បានអនុវត្តច្បាប់យ៉ាងខ្ជាប់ខ្ជួនក្នុងការរៀបចំបំពេញលក្ខខណ្ឌសម្រាប់ស្នើសុំចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។ ប៉ុន្តែរហូតមកទល់បច្ចុប្បន្ននេះ គណបក្សបញ្ញាទំនើប ពុំអាចមានលទ្ធភាពក្នុងការបំពេញលក្ខខណ្ឌសម្រាប់ស្នើសុំចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃបានឡើយ ហើយគណបក្សបញ្ញាទំនើប សម្រេចបោះបង់ការស្នើចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃផ្ដិតស្នាមមេដៃនេះតទៅ៕