ប្រមុខរាជរដ្ឋាភិបាលប្រកាសថា នឹងបន្តលើកកម្ពស់ថែមទៀតដល់ តួនាទីស្ត្រីក្នុងសង្គម
ភ្នំពេញ ៖ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូក សរុប ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ក្រសួង កិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងបន្តខិតខំលើកកម្ពស់ បន្ថែម ទៀត ដល់ស្រ្តីក្នុងសង្គម និងភាពជាអ្នកដឹកនាំនៅតាមក្រសួង ស្ថាប័ននានា បើទោះបីជាបច្ចុប្បន្នស្រ្តីមានវត្តមាននៅគ្រប់វិស័យក៏ដោយ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានបន្តថា រាជរដ្ឋាភិបាល នីតិ កាល ទី៧ នឹងបន្តមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជា តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីស្ត្រី នៅក្នុងសង្គមជាតិដោយនឹងផ្ដល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាដើម។
សម្តេចធិបតី ក៏បានណែនាំដល់រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកជំទាវ អ៊ឹង កន្ថាផាវី ធ្វើការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើការវិនិយោគ និង លើកកម្ពស់ស្រ្តីសមត្ថភាពស្រ្តី នៅក្នុងសង្គមឱ្យ បានកាន់តែច្រើនបន្ថែមទៀតផងដែរ ៕
ដោយ៖វណ្ណលុក