សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាថែរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌ប្រពៃណីខ្មែរ ស្របពេលសិទ្ធិនារីបានលើកតម្កើង តែមិនត្រូវភ្លើតភ្លើនហួសព្រំដែន និងសិទ្ធិសេរីភាពនោះឡើយ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាថែរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌ប្រពៃណីខ្មែរ ស្របពេលសិទ្ធិនារីបានលើកតម្កើង តែមិនត្រូវភ្លើតភ្លើនហួសព្រំដែន និងសិទ្ធិសេរីភាពនោះឡើយ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងត្រូវរួមគ្នាថែរក្សាប្រពៃណី វប្បធម៌របស់ខ្មែរយើងពីមួយជំនាន់ទៅមួយជំនាន់ដើម្បីកុំឱ្យបាត់បង់ ជាពិសេសគឺថែរក្សាតម្លៃស្រ្តីខ្មែរយើងផងដែរ។
សម្ដេច ក៏បានលើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី បន្តអនុវត្តកិច្ចការអប់រំ តម្រង់ទិសដល់អ្នកដែលផ្សព្វផ្សាយផលិតផលអនឡាញ ឬអ្នកដែលបង្កើតមាតិកាដែលធ្វើសកម្មភាពគ្មានក្រមសីលធម៌ និងហួសព្រំដែននៃសិទ្ធសេរីភាព។ បន្ថែមពីលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំពួកគាត់ មិនឱ្យធ្វើអ្វីដែលហួសព្រំដែនរបស់ខ្លួន ហើយចូលរួមគោរពច្បាប់ មានក្រមសីលធម៌សង្គម និងប្រកាន់ខ្ជាប់នូវវប្បធម៌ប្រពៃណីជាតិខ្មែរ ។
សម្តេចធិបតី បានបន្តថា សម័យបច្ចុប្បន្ន មានអ្នកខ្លះចង់បានការទស្សនាច្រើនពីអ្នកមើល រហូតដល់ធ្វើវីដេអូ ដែលហួសពីព្រំដែន ។ សម្តេច ថា មហាជនបានប្តឹងច្រើនមកក្រសួង ថា ហេតុអ្វីបានជាមិនមានវិធានការចំពោះអ្នកដែលធ្វើវីដេអូជ្រុលហួសពីតម្លៃស្រ្តី ដូច្នេះយើងត្រូវតែតម្រង់ទិស ប្រសិនបើមិនតម្រង់ទិសទេមានអ្នកធ្វើកាន់តែច្រើន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដោយលើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី ធ្វើសកម្មភាពជួយទប់ស្កាត់ អប់រំលើករណីបែបនេះ ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគោរពប្រពៃណី គោរពច្បាប់ រក្សាតម្លៃខ្មែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ