សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រៀបចំតែងតាំងស្រ្ដី នៅមូលដ្ឋានជិតផ្ទះ ដើម្បីរក្សាភាពសុខុមនៅក្នុងគ្រួសារ និងប្រសិទ្ធភាពការងារ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំដល់ក្រសួងមហាផ្ទៃឱ្យពិនិត្យក្នុងការតែងតាំងស្រ្ដីក្នុងតួនាទីអាភិបាលរងស្រុក ឬអភិបាលរងខេត្ត ដើម្បីផ្ដល់អាទិភាពដល់ស្រ្ដីក្នុងការងារដឹកនាំក្នុងប្រទេសកម្ពុជា និងជាការផ្ដល់ឱកាសឲ្យបម្រើការងារនៅមូលដ្ឋានជិតគ្រួសារ និងជិតផ្ទះរបស់ពួកគាត់ ដើម្បីរក្សាភាពសុខុមនៅក្នុងគ្រួសារ និងប្រសិទ្ធភាពការងារ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់សមត្ថភាពស្ត្រីនាពេលបច្ចុប្បន្នថា ជំនាញមិនមានការរើសអើងភេទនោះទេ ហើយវិស័យកងទ័ពវិញក៏មាននារី អាចបើករថក្រោះផងដែរ។
សម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រសួងកិច្ចការនារី បន្តធ្វើការវិនិយោគចំពោះការលើកកម្ពស់សមត្ថភាពរបស់ស្រ្ដី។ ក្រៅពីនេះ ត្រូវរួមគ្នាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើកកម្ពស់ការចូលរួមរបស់ស្ដ្រីនៅក្នុងកិច្ចការងារនៅក្នុងសង្គម។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើទៅល្រសួងមហាផ្ទៃ ឱ្យពិនិត្យមើលការរៀបចំតែងតាំងស្ត្រី ជាអភិបាលរងរាជធានី- ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយផ្ដល់ឱកាសឱ្យបម្រើការងារនៅមូលដ្ឋានជិតគ្រួសារ និងជិតផ្ទះរបស់ពួកគាត់ ដើម្បីឱ្យរក្សាបានភាពសុខុមរមនានៅក្នុងគ្រួសារ និងធានាប្រសិទ្ធភាពការងារ ។
សូមបញ្ជាក់ថា តាមរបាយការក្រសួងកិច្ចការនារីបានបង្ហាញថា ក្នុងវិស័យសាធារណៈ និងនយោបាយ ស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចកើនឡើងពី២៤% ដល់២៧% និងជាមន្រ្តីរាជការជាស្រ្តីកើនពី៤១% ដល់៤២%។ ស្រ្តីជាសមាជិការដ្ឋសភាមានការថយចុះក្នុងអាណត្តិនេះ ពី២០,៨០% (ឆ្នាំ២០១៨) មកត្រឹម១៣,៦% (ឆ្នាំ២០២៣) ។ ស្ត្រីជាមេឃុំ ចៅសង្កាត់ កើនឡើងពី ៤២រូប(២,៦%) ក្នុងឆ្នាំ២០០២ ដល់ ១៧៦រូប(១១%)ក្នុងអាណត្តិ ឆ្នាំ២០២២-២០២៧។ ចំនួនស្រ្តីជាថ្នាក់ដឹកនាំនៅថ្នាក់ក្រោមជាតិនៅមានកម្រិតទាបនៅឡើយ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ