រាជរដ្ឋាភិបាល ដោះស្រាយលើបញ្ហាតម្លៃសេវាការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត
(ភ្នំពេញ)៖ ដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពី សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកង្វល់ របស់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន ណែនាំ ឱ្យបង្កើតគណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដឹកនាំដោយ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលមានការចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួង សាធារណការ និងដឹកជញ្ជូន ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ ប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលរង ខេត្តសៀមរាប តំណាងក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ ដើម្បីចុះទៅពិនិត្យ និងដោះស្រាយបញ្ហានេះជាបន្ទាន់ជូនបង ប្អូនប្រជាពលរដ្ឋ។
បន្ទាប់ពីបានចុះទៅពិនិត្យស្ថានភាពនៅទីតាំងជាក់ស្តែង និងប្រជុំជាមួយក្រុមហ៊ុន វិនិយោគដែលបាន បណ្តាក់ទុនវិនិយោគជាប្រភេទ BOT ទាំងអាកាសយានដ្ឋាន និងផ្លូវ ក្រុមការងារចំពោះកិច្ចបានធ្វើការពិភាក្សា ចរចាបន្ថែម កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លើអ្វីដែលបានឯកភាពកាលពីពេលមុន ហើយទទួលបាន លទ្ធផល ដូចខាងក្រោម៖
១. ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ ការចូលទៅក្នុងអាកាស យានដ្ឋាន អនុជាត្តសៀមរា អង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្ត ធុនតូចមិនលើស៧កៅអី និងយូរពេល ៣០នាទី សម្រាប់ប្រភេទរថយន្ត ផ្សេងៗទៀត។
២. ក្រុមហ៊ុនបានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លូវសម្រាប់ គ្រប់ប្រភេទ យានយន្ត ដែលមានព័ត៌មានលម្អិតដូចមានគោរពជូនភ្ជាប់ ក្នុងតារាង ខាងក្រោមនេះ សម្រាប់រយៈពេលពីរឆ្នាំ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥)។ ចំពោះតម្លៃ ថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ មករា ២០២៤ តទៅ។
៣. អង្គប្រជុំក៏បានឯកភាពគ្នាបង្កើតគណៈកម្មការអន្តរក្រសួងដែល មានក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដី ដើម្បីគ្រប់គ្រងលើផ្លូវនេះទាក់ទង ទៅនឹង ការជួសជុលថែទាំផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរតាម ដងផ្លូវនេះ ៕
ដោយ ៖ ង៉ាន់ ទិត្យ