សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត ជាប្រទេសផ្ដល់សេរីភាពទូលំទូលាយសម្រាប់ស្ត្រីនៅគ្រប់កម្រិត
(ភ្នំពេញ)៖ កម្ពុជា ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតជាប្រទេសផ្ដល់សេរីភាពទូលំទូលាយសម្រាប់ស្ត្រី នៅគ្រប់កម្រិត ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតជាប្រទេសផ្ដល់សេរីភាពទូលំទូលាយសម្រាប់ស្ត្រី ក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម និងធុរកិច្ច ព្រមទាំងទទួលបានតួនាទីកាន់តែច្រើននៅក្នុងសមាសភាពស្ត្រីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត ទាំងនៅក្នុងអង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ និងអង្គតុលាការ។
សម្ដេចបន្តថា បច្ចុប្បន្នេះ ស្ត្រីនៅក្នុងតួនាទីធ្វើសេចក្ដីសម្រេចចិត្ត ក្នុងវិស័យមុខងារសាធារណៈមានចំនួន ២៧ភាគរយ និងមន្ត្រីរាជការជាស្ត្រីមានចំនួន ៤២ភាគរយ ។
សម្តេចថា វត្តមាន និងភាពជោគជ័យរបស់ស្ត្រីក្នុងគ្រប់វិស័យ នៅក្នុងធុរកិច្ច នៅក្នុងសិល្បៈ កីឡា នៅក្នុងវិស័យសន្តិសុខ ការពារជាតិ ក៏ដូចជាតួនាទីនៅក្នុងការដឹកនាំ កាន់តែមានការរីកចម្រើន និងកាន់តែកើន ហើយនេះបញ្ជាក់ថា បើសិនជាផ្ដល់ឱកាសស្មើគ្នា ស្ត្រីក៏មាននៅក្នុងការទាញយកនូវសក្ដានុពល ដែលអាចធ្វើបាន និងជោគជ័យផងដែរ ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាខ្លាំងទៅលើតួនាទីរបស់ស្ត្រី នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើស្ថាប័ននូបណីយកម្ម និងការបញ្ជ្រាបយេនឌ័រនៅតាមក្រសួង-ស្ថាប័ននានាទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ដោយបានផ្ដល់បរិយាកាសអំណោយផល និងកាលានុវត្តភាពដល់ស្ត្រី ចូលរួមប្រកបដោយសក្ដានុពល ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ