កិច្ចប្រជុំស្តីពី ផែនការអភិវឌ្ឍបណ្តាញយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ កិច្ចប្រជុំស្តីពី ផែនការអភិវឌ្ឍបណ្តាញយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា, ឯកឧត្តម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា ព្រមទាំងអ្នកចូលរួមជាច្រើនទៀត នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តម ពិត ចំណាន បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចប្រជុំថ្ងៃនេះ ព្រមទាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសាកលវិទ្យាធិការ សាកលវិទ្យាធិការរង ទីប្រឹក្សាយុវជន និងយុវជន នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ ដែលបាននិងកំពុងអនុវត្តសកម្មភាពនៅតាមក្លឹបយុវជនរៀងៗខ្លួនជាប់ជាប្រចាំនាពេលកន្លងមក។

ឯកឧត្តម មាន ចាន់យ៉ាដា បានគូសបញ្ជាក់ពីគោលបំណងសំខាន់ចំនួន៣ នៃកិច្ចប្រជុំនេះ បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលឱ្យគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ត្រូវយកចិត្តទុកដាក់ដូចខាងក្រោម ៖
១. ពិនិត្យ-ពិភាក្សាពីសំណូមពររបស់គ្រឹះស្ថានឧត្តមសិក្សា ក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ដើម្បីពង្រឹងចលនាបណ្តាញយុវជនកាកបាទក្រហមកម្ពុជា។
២. ពិនិត្យ និងឯកភាពគ្នាលើសកម្មភាពអាទិភាពសំខាន់ៗហើយលេចធ្លោ ដែលយុវជនកាកបាទក្រហមកម្ពុជាត្រូវធ្វើនៅតាមគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ ទាំងរដ្ឋនិងឯកជន ដែលសកម្មភាពទាំងនោះគឺជាសកម្មភាពជាក់លាក់ មានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់។
៣. យន្តការក្នុងការពង្រឹងកម្លាំងយុវជនកាកបាទក្រហមកម្ពុជា ដោយឈរលើគោលការណ៍ចំនួន២ គឺ បរិមាណ និងគុណភាព។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចំពោះការងារយុវជន ក្នុងភាពជាអ្នកដឹកនាំរបស់យុវជន សក្តានុពល និងការពង្រឹងសុខសន្តិភាពដោយផ្តោតលើយុវជន ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកជំទាវ បានគូសបញ្ជាក់ពីការងារអាទិភាពក្នុងឆ្នាំ២០២៤ របស់កាកបាទក្រហមកម្ពុជា និងសំណូមពររបស់សាកលវិទ្យាល័យ ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា ដែលបានលើកឡើងក្នុងមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ក៏ដូចជាសំណូមពររបស់យុវជនដែលបានដាក់ចេញក្នុងសេចក្តីថ្លែងការណ៍វេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនោះផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner