ក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ ទីភ្នាក់ងារជំរុញការនាំចេញ ហុងគ្រី ក្នុងគោលបំណងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេស ទាំងពីរ
(ប៊ុយដាប៉ែស ប្រទេសហុងគ្រី)៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជ កម្ម បានជួបពិភាក្សាការងារជាមួយ លោក Gábor Jenei នាយកប្រតិបត្តិនៃទីភ្នាក់ ងារជំរុញការនាំចេញហុងគ្រី (Hungarian Export Promotion Agency – HEPA) និងសហការី ដើម្បីពិភាក្សាការងារអំពីវឌ្ឍនភាពធុរកិច្ចនិងវិយោគ និងកាលា នុវត្តភាពសម្រាប់ការលើកស្ទួយកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបនេះ ធ្វើឡើងកាលពីថ្ងៃ ទី១០ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ដោយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងមតិយោបល់ល្អៗជាច្រើន ក្នុងគោលបំណងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យអាទិភាពដូចជា កសិកម្ម កម្មន្តសាល ឌីជីថល កាគាំទ្រសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញការនាំចេញជាដើម។
ក្នុងនោះ ភាគីកម្ពុជាបានបង្ហាញការត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយ HEPA ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនៃប្រទេសទាំងពីរ ស្របតាមលទ្ធផលនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី។
គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ ទំនង ការទូតជាមួយគ្នានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦។ ទំនាក់ ទំនងការទូតនៃប្រ ទេស ទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម នាឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងប្រទេសហុងគ្រីបានភ្ជាប់ទំនាក់ទំនង ការទូត ជាថ្មីឡើងវិញ ក្នុងរយៈពេលនោះ គឺពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣ ប្រទេស ហុងគ្រី បានផ្តល់ការឧបត្ថម្ភគាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំណែកដល់ ប្រតិបត្តិ ការ របស់ UNTAC ក្នុងប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា៕
ដោយ ង៉ាន់ ទិត្យ