ឯកឧត្តម ប៉ែន បូណា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្លាំងចំពោះកង្វល់របស់ប្រជាពលរដ្ឋដែលបានលើកឡើងពីការព្រួយបារម្ភអំពីការចេញចូលផ្លូវទៅកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា ដោយមានការលើកឡើងពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋជាពិសេសអ្នករត់តាក់ស៊ីដែលចេញចូលផ្លូវទៅកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្លាំងចំពោះកង្វល់របស់ប្រជាពលរដ្ឋ និងបានណែនាំឱ្យបង្កើ់តគណៈកម្មាការចំពោះកិច្ចមួយជាបន្ទាន់ដើម្បីសិក្សា និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ។ គណៈកម្មការចំពោះកិច្ចដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងមានភាគីអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីបានចុះទៅពិនិត្យទីតាំងជាក់ស្តែង និងប្រជុំជាមួយក្រុមហ៊ុនដែលវិនិយោគព្រលានយន្តហោះ គណៈកម្មាការចំពោះកិច្ចក៏បានចរចាបន្ថែមជាមួយក្រុមហ៊ុនកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ អំពីតម្លៃដែលបានចរចាគ្នាពីមុន ហើយការចរចាក៏សម្រេចបានលទ្ធផលដូចតទៅ៖
ទី១៖ ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ការចូលនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូច និងលើសពី ៧កៅអី ។ សម្រាប់ដល់ទៅ៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។
ទី២៖ ក្រុមហ៊ុន ក៏បានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ដើម្បីសម្រួលដល់ការចេញចូលព្រលានយន្តហោះកុំឱ្យបង់ថ្លៃខ្ពស់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា នេះគឺជាដំណោះស្រាយមួយដ៏ល្អដែលក្រោមកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែខិតខំជានិច្ចនៅក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៕
ដោយ៖ពលជ័យ
រូបភាព៖ Freshnews

ads banner