អភិបាលរងខេត្តកណ្តាល ៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ធានាបាននូវឋានៈពេញលេញជាកម្មសិទ្ធិករ ស្របច្បាប់ លើដីធ្លីតាមរយៈការផ្តល់ ជូននូវវិញ្ញាបនបតសម្គាល់ម្ចាស់អចលនវត្ថុ
(ខេត្តកណ្តាល)៖ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាលបានលើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ព្រោះការចុះបញ្ជីដីធ្លីនេះ បានផ្តល់នូវ៖ ការធានាបាននូវឋានៈពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លីតាមរយៈការផ្តល់ ជូននូវវិញ្ញាបនបតសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)។ ការកាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងនូវបញ្ហាវិវាទដីធ្លី។ ជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដី និងសម្រាប់អ្នកដែលត្រូវ បន្តវេន យកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថភាព និងទំនុកចិត្ត។ ទីផ្សាប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង ជាពិសេស បានផ្ដល់ជាកម្លាំង ជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិត ថែមទៀត។
ការលើកឡើងរបស់ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ថា៖ ការចែកប័ណ្ណកម្មសិទ្ធ ជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថិរភាពសង្គម ។
ឯកឧត្ដម បានផ្តាំផ្ញើដល់រដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ។ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ ដោយលុបបំបាត់នូវបទល្មើសគ្រប់ប្រភេទ មានដូចជាចោរលួច ឆក់ ប្លន់ ល្បែងស៊ីសង និងបង្ក្រាបឱ្យបានការជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយកងកម្លាំងទាំងអស់មិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ ។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ គិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ២០៣លើក ស្មើនឹង ២៨៨,០៦២ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២០៤ នៃការចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពីភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម សរុបចំនួន ១,២៥៤ ប័ណ្ណ ៕
ដោយ ង៉ាន់ ទិត្យ