សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ រដ្ឋសភាកម្ពុជាស្វាគមន៍ គ្រប់គណៈប្រតិភូ សភាអឺរ៉ុប នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាពជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល (Jan Zahradil) សមាជិកសភាអឺរ៉ុប និងជាអនុប្រធានទី១ នៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។

ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល បានជម្រាបសម្តេចប្រធានរដ្ឋសភា ពីគោលបំណង នៃការមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដើម្បីចូលរួមក្នុងសិក្ខាសាលាផ្លាស់ប្តូរទស្សនៈ និងកិច្ចសន្ទនាជាមួយសមាជិករដ្ឋសភាកម្ពុជា និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា អំពី «កិច្ចសហប្រតិបត្តិការកម្ពុជា និងសហភាពអឺរ៉ុប» ។

សម្តេចមហារដ្ឋសភាធិការធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅដល់ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសមកកាន់រដ្ឋសភា ក្នុងការចូលរួមក្នុងសិក្ខាសាលាដែលមានអត្ថន័យជាស្ពានធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជា និងសភាអឺរ៉ុប កាន់តែរឹងមាំគ្រប់ជ្រុងជ្រោយឡើង ដើម្បីជាផលប្រយោជន៍ដល់ប្រទេស និងប្រជាជននៃភាគីទំាងពីរ។ នៅក្នុងឱកាសជួបពិភាក្សាការងានេះ ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល និងសម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អ នៃប្រទេសទំាងពីរ ដែលមានភាពស្អិតរមួត ជាពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយគ្នាផងដែរ។ សូមជម្រាបជូនដែរថា ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល មានដើមកំណើតនៅសាធារណរដ្ឋឆេក ហើយដែលព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ធ្លាប់បានគង់ប្រថាប់នៅសិក្សាតាំងពីថ្នាក់បឋមសិក្សា រហូតដល់ឧត្តមសិក្សា ។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា បើកទទួលស្វាគមន៍ជានិច្ច ដល់គណៈប្រតិភូសភាអឺរ៉ុបមកបំពេញទស្សនកិច្ច ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក្នុងគោលបំណងដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាពសង្គម ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយយកប្រជាជនជាស្នូល ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និង ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល បានគូស បញ្ជាក់ថា នៅពេលនេះ ជាពេលវេលាដ៏សំខាន់ស្របពេលដែលកម្ពុជានិងសហភាពអឺរ៉ុប ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្នា ដោយឈរលើ ផលប្រយោជន៍ប្រជាជនជាស្នូល។ កម្ពុជាទើបរៀបចំការបោះឆ្នោតដោយជោគជ័យ ហើយ សភាសហភាពអឺរ៉ុប ក៏នឹងរៀបចំការបោះឆ្នោតនៅខែមិថុនា ខាងមុខនេះដែរ ។

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភានិងរាជរដ្ឋាភិបាល អាណត្តិទី៧ បានចេញដំណើរដោយភាពស្វាហាប់ក្នុងការបម្រើពលរដ្ឋនិងប្រទេសជាតិ ដោយមានឆន្ទៈខ្ពស់និងគោលដៅច្បាស់លាស់ធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។ ការសម្រេចបាននូវគោលដៅនេះ មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ប្រទេសជាមិត្ត ដែលមានសហភាពអឺរ៉ុបមួយផងនោះទេ ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner