ឯកឧត្តម ហ៊ុន ម៉ានី ទទួលជួបពិភាក្សាទ្វេភាគី ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនីស្តចិន
(សៀមរាប)៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ទទួលជួបពិភាក្សាទ្វេភាគី ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ។
ឯកឧត្តម ហ៊ុន ម៉ានី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនដល់គណៈប្រតិភូ ក្នុងអំឡុងពេលស្នាក់នៅក្នុងទឹកដីអង្គរ ក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ។
ភាគីទាំង២ ក៏បានពិភាក្សា និងរំលឹកឡើងវិញនូវទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែង នៃប្រទេសយើងទាំង២។ ជាមួយគ្នានោះដែរ ភាគីក៏បានកត់សម្គាល់នូវសារៈសំខាន់នៃការពង្រឹងសហប្រតិបត្តិការទ្វេភាគីទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាល គណបក្ស ដើម្បីស្វែងរក ប្រយោជន៍សម្រាប់ប្រជាជន ទាំង២ ។
សូមបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូគណបក្សកុម្មុយនីស្តចិននាឱកាសនេះ គឺដើម្បីចូលរួមពិធីបើកឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ និងសិក្ខាសាលាទ្រឹស្តី រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន ក្រោមមូលបទ «បទពិសោធន៍ និងរបៀបពង្រឹងការការពារអេកូបរិស្ថានក្នុងការជំរុញទំនើបកម្ម » ផងដែរ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត