គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន រៀបចំសិក្ខាសាលាទ្រឹស្តីលើកទី២ ក្រោមមូលបទ “បទពិសោធន៍ និងរបៀបធ្វើ ដើម្បីពង្រឹងការការពារអេកូបរិស្ថាន ក្នុងការជំរុញទំនើបកម្ម”
(សៀមរាប)៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម លី ស៊ូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាទ្រឹស្តី លើកទី២ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន ក្រោមមូលបទ “បទពិសោធន៍ និងរបៀបធ្វើ ដើម្បីពង្រឹងការការពារអេកូបរិស្ថាន ក្នុងការជំរុញទំនើបកម្ម” នៅសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១គណៈទាក់ទងបរទេស ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ធេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ។
សិក្ខាសាលានាឱកាសនេះ បានធ្វើឡើងបន្ទាប់ពី ពិធីបើកជាផ្លូវការ “ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” ដែលបានប្រារព្ធឡើងនៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹង ទំនាក់ទំនងនៃចំណងមិត្តភាពត្បូងពេជ្រ ។
បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាទ្រឹស្តី លើកទី២ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន ក្រោមមូលបទ “បទពិសោធន៍ និងរបៀបធ្វើ ដើម្បីពង្រឹងការការពារអេកូបរិស្ថាន ក្នុងការជំរុញទំនើបកម្ម” រួចមក ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាលគណបក្សប្រជាជន កម្ពុជា និងឯកឧត្តម លី ស៊ូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃគារយោគយល់គ្នាលើគម្រោងការបកប្រែ និងបោះពុម្ពផ្សាយស្នាដៃសៀវភៅខ្មែរ-ចិន នៅសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើគម្រោងការបកប្រែ និងបោះពុម្ពផ្សាយស្នាដៃសៀវភៅខ្មែរ-ចិន រវាងតំណាងភាគីចិន ជាមួយនិងឯកឧត្តម បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត