សម្តេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ដល់សមាជិក សមាជិកទាំងអស់ ត្រូវរួមគ្នារក្សាឱ្យបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក៏ដោយ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដល់អនុសាសន៍មួយចំនួនដល់សមាជិក សមាជិក ទាំងអស់ ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារ នៅក្នុងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នារក្សាឱ្យបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវខិតខំរក្សាឱ្យបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សាស្ថិរភាពនយោបាយ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។ ការផ្តល់អនុសាសន៍នេះ ក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅនីតិកាលទី៥ មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ និងភូមិភាគទី៣ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅវិមាន ៧ មករា។

សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមថា សម្រាប់សមាជិក សមាជិកា គណបក្ស ដែលកំពុងមានតួនាទីបំពេញភារកិច្ចជាអាជ្ញាធរនៅមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ជួយទៅលើជីវភាពប្រជាពលរដ្ឋ និងផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់ឱ្យអស់នូវភាពអសកម្មនានា។ កន្លងទៅនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់គោលនយោបាយ«រោងចក្រ១ សហគមន៍សុខសាន១» ដែលជាកិច្ចការល្អមួយ លើសពីនេះក៏ត្រូវព្យាយាមដោះស្រាយនូវជម្លោះនៅតាមរោងចក្រ សហគ្រាស រួមទាំងថែរក្សាសុខមាលភាពកម្មករឱ្យបានល្អផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

ads banner