លោក ម៉ាក្រុង ជំរុញឱ្យក្រុមហ៊ុនការពារជាតិបារាំងបង្កើនផលិតកម្មសព្វាវុធ

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃសុក្រសប្តាហ៍នេះ បានអំពាវនាវឱ្យក្រុមហ៊ុនផលិតសព្វាវុធការពារជាតិ ជំរុញការផលិត និងការច្នៃប្រឌិត ខណៈដែលអឺរ៉ុបកំពុងតស៊ូបង្កើនការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។

ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានរុញច្រានឧស្សាហកម្មការពារជាតិ ឱ្យប្តូរទៅជា “មុខងារសេដ្ឋកិច្ចសង្រ្គាម” ហើយបានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោក ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពជើងទឹក Cherbourg នៅភាគពាយព្យនៃប្រទេសបារាំង។

លោក ម៉ាក្រុង បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់គាត់ ទៅកាន់កងកម្លាំងប្រដាប់អាវុធបារាំងថា យើងត្រូវតែបង្កើនផលិតកម្មសព្វាវុធ ដើម្បីឆ្លើយតបកាន់តែលឿននឹងតម្រូវការរបស់អ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី។ លោក ម៉ាក្រុង បានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងមិនអាចអនុញ្ញាតឱ្យរុស្ស៊ីគិតថា ខ្លួនអាចឈ្នះសង្គ្រាមបានទេ ដោយលោកបានព្រមានថា ជ័យជម្នះរបស់រុស្ស៊ី នឹងមានន័យថា ចុងបញ្ចប់នៃសន្តិសុខអឺរ៉ុប។

សូមរម្លឹកថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ៊ុយក្រែនព្រមានថា កងទ័ពរបស់ខ្លួនប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវជាខ្លាំង។ កន្លងមក សហភាពអឺរ៉ុបសន្យាថា នឹងផ្តល់គ្រាប់កាំភ្លើងផ្លោង ១លានគ្រាប់នៅដើមឆ្នាំ២០២៤ ប៉ុន្តែសមាជិកសភាអឺរ៉ុបនិយាយថា មានតែ ៣០០,០០០គ្រាប់ប៉ុណ្ណោះ ត្រូវបានប្រគល់ឱ្យអ៊ុយក្រែន គិតមកទល់ពេលនេះ។

កាលពីឆ្នាំមុន បារាំងបានអនុម័តថវិកាយោធាចំនួន ៤១៣ពាន់លានអឺរ៉ូ ឬប្រហែល ៤៥០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤-២០៣០ ដែលនេះជាការចំណាយដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner