អវកាសយានិកអឺរ៉ុប និងតួកគី ទៅដល់ស្ថានីយអវកាសអន្តរជាតិ (ISS) ដោយសុវត្ថិភាព
វ៉ាស៊ីនតោន៖ អវកាសយានិកអឺរ៉ុប និងតួកគី ធ្វើដំណើរទៅដល់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ហើយ នៅថ្ងៃសៅរ៍ទី២០ ខែមករានេះ នៅក្នុងដំណើរទៅកាន់ទីអវកាស ដោយជួលសេវាកម្មពីក្រុមហ៊ុន Axiom Space។
បេសសកម្មអវកាស Axiom Mission 3 ឬ (Ax-3) ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ក្នុងរដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តាមរយៈយាន SpaceX Crew Dragon និងរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអវកាសឯកជនអាមេរិក Axiom Space។
យាននេះបានទៅដល់ស្ថានីយអវកាសអន្តរជាតិ (ISS) ដែលហោះជុំវិញផែនដីក្នុងចម្ងាយ ៤២០គីឡូម៉ែត្រ បន្ទាប់ពីការធ្វើដំណើរមានរយៈពេលប្រហែល ៣៦ម៉ោង នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន Axiom Space។
អវកាសយានិកចំនួន ៤រូបនៅក្នុងយាននេះ មានដូចជាអវកាសយានិកតួកគី លោក Alper Gezeravci, អវកាសយានិកអ៊ីតាលី លោក Walter Villadei, អវកាសយានិកស៊ុយអែត និងលោក Marcus Wandt អ្នកតំណាងឱ្យទីភ្នាក់ងារអវកាសអឺរ៉ុប។
ពួកគេត្រូវបានដឹកនាំដោយលោក Michael Lopez-Alegria ជាប្រធានអវកាសយានិករបស់ Axiom ដែលជាពលរដ្ឋមានសញ្ជាតិអេស្ប៉ាញ និងសហរដ្ឋអាមេរិក និងជាអតីតអវកាសយានិករបស់អង្គការ NASA។
ក្រុមបេសសកម្ម Axiom-3 បានទទួលការស្វាគមន៍ពីសមាជិកអវកាសយានិកចំនួន ៧រូបនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) មកពីប្រទេសជប៉ុន ដាណឺម៉ាក សហរដ្ឋអាមេរិក និងរុស្ស៊ី។
គួរបញ្ជាក់ថា Ax-3 គឺជាបេសកកម្មអវកាសទី៣ ដែលរៀបចំដោយក្រុមហ៊ុន Axiom Space ក្រោមការសហការជាមួយទីភ្នាក់ងារអវកាសអាមេរិក NASA។ ក្រុមហ៊ុនវិស័យអវកាសនេះ ទទួលរៀបចំការធ្វើដំណើរទៅកាន់ទីអវកាស សម្រាប់តម្លៃខ្ទង់លានដុល្លារ។
Axiom Space បានចេញបេសកកម្មឯកជនដំបូងរបស់ខ្លួន ទៅកាន់ស្ថានីយអវកាសអន្តរជាតិ កាលពីខែមេសា ឆ្នាំ២០២២។ ក្នុងបេសកកម្មនោះ អ្នកដំណើរ រួមមានពាណិជ្ជករ៣នាក់ និងអតីតអវកាសយានិកអាមេរិកម្នាក់ ហើយស្នាក់នៅលើស្ថានីយ ISS រយៈពេល១៧ថ្ងៃ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា