បារាំង៖ ប៉ម Eiffel Tower ទាក់ទាញភ្ញៀវទេសចរ ៦.៣លាននាក់ក្នុងឆ្នាំ២០២៣
ប៉ារីស៖ ប៉ម ទួ អ៊ីហ្វេល (Eiffel Tower) នៃទីក្រុងប៉ារីស ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានស្វាគមន៍ភ្ញៀវទេសចរចំនួន ៦.៣លាននាក់កាលពីឆ្នាំ២០២៣ តួលេខនេះ ច្រើនជាងបើធៀបនឹងឆ្នាំ២០១៩ មុនពេលផ្ទុះជំងឺរាតត្បាតសកល Covid-19។
ក្រុមហ៊ុនប្រតិបត្តិការ SETE ដែលគ្រប់គ្រងប៉ម ទួ អ៊ីហ្វេល (Eiffel Tower) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនភ្ញៀវទេសចរដែលធ្វើដំណើរមកលេងទីតាំងដ៏ល្បីល្បាញរបស់ប្រទេសបារាំងនេះ កើនឡើង ៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ប៉ម ទួ អ៊ីហ្វេល បានផ្អាកទទួលភ្ញៀវទេសចរ ក្នុងអំឡុងពេលបិទខ្ទប់ការពារជំងឺរាតត្បាតកូវីដ១៩លើកដំបូង កាលពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០២០ និងម្តងទៀតចាប់ពីខែតុលា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១។ ភ្ញៀវទេសចរចំនួន ៦.៣លាននាក់ដែលមកទស្សនាប៉ម ទួ អ៊ីហ្វេល ក្នុងនោះ ១៨.៩ភាគរយនៃចំនួនសរុប នៅក្នុងប្រទេសបារាំងផ្ទាល់ បន្ទាប់មកគឺជនជាតិអាមេរិកខាងជើងដែលមាន ១៨ភាគរយ ហើយ ១៣.២ភាគរយមកពីសហរដ្ឋអាមេរិក។
ចំណែកជនជាតិអឺរ៉ុបដែលមិនមែនជាជនជាតិបារាំងមានចំនួន ៤៤ភាគរយ ក្នុងនោះច្រើនបំផុតមកពីប្រទេសអាល្លឺម៉ង់ អង់គ្លេស និងអេស្ប៉ាញ។
ហើយការប្រកួតកីឡាបាល់ឱបពិភពលោកកាលពីឆ្នាំមុន ក៏បានស្រូបទាញភ្ញៀវទេសចរចូលទស្សនាកើនឡើង មកពីបណ្តាប្រទេសនៅអូសេអានី រួមទាំងអូស្ត្រាលី និងនូវែលសេឡង់។
រីឯសារមន្ទីរសំខាន់ៗរបស់ទីក្រុងប៉ារីស ដែលជាកន្លែងទាក់ទាញកំពូលមួយទៀតរបស់រដ្ឋធានីបារាំង ក៏បានត្រលប់មករកចំនួនអ្នកទស្សនាច្រើន ដូចមុនពេលផ្ទុះជំងឺរាតត្បាត Covid-19 ឬថែមទាំងបង្កើតកំណត់ត្រាថ្មីកាលពីឆ្នាំមុនផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា