រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ផលិតកម្ម និងសុខភាព មានការផ្សារភ្ជាប់គ្នា ដែលទាមទារឱ្យមានការគិតគូរលើការធានាគុណភាព សាច់ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅនាយកដ្ឋានសុខភាពសត្វ (ស្ទឹងមានជ័យ)។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារ និងសម្រេចជោគជ័យតាំងពីថ្នាក់ដឹកនាំរហូតថ្នាក់ក្រោម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយដែលចាំបាច់ត្រូវធានាសន្តិសុខស្បៀង និងរក្សានិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់បន្ថែមថា ផលិតកម្ម និងសុខភាពមានការផ្សារភ្ជាប់គ្នា ដែលទាមទារឱ្យមានការគិតគូរលើការធានាគុណភាព សាច់ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។

បើតាម ឯកឧត្តមរដ្ឋមន្រ្តី គោលនយោបាយអាទិភាពទី៥ និងទី៦ គឺជាត្រីវិស័យក្នុងជំរុញគោលនយោបាយកសិកម្មឈានទៅរកភាពជោគជ័យ ធានាស្ថិរភាពតម្លៃ តាមរយៈការជំរុញសហគមន៍កសិកម្មទំនើបដែលបម្រើឱ្យវិស័យកសិកម្មទាំងមូល ព្រមជាមួយយន្តការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំឱ្យចំទិសដៅ និងដល់មូលដ្ឋានដើម្បីជួយដល់កសិករទាំងបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំយកចិត្តទុកដាក់ សហការ ធ្វើការជាមួយគ្នាឱ្យបានល្អ ត្រូវមានការសិក្សានិងវាយតម្លៃច្បាស់លាស់ទាំងទិដ្ឋភាពបច្ចេកទេស ច្បាប់ និងនយោបាយ។ លើសពីនេះទៀត ត្រូវមានផែនការជាក់លាក់ ស្របតាមយន្តការគោលនយោបាយ និងការពិនិត្យតាមដានទៀងទាត់ ការកាត់បន្ថយថ្លៃដើមផលិត សំដៅផ្តល់ផលចំណេញដល់កសិករ និងមិនមានបង្កើតបញ្ហាថ្មី ឬផលប៉ះពាល់ផ្សេងៗដល់សុខភាពអ្នកបរិភោគ និងសន្តិសុខស្បៀងទាំងក្នុងស្រុក និងការនាំចេញ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner