អ៊ីរ៉ង់ប្រកាសសងសឹកអ៊ីស្រាអែល ក្រោយវាយប្រហារតាមផ្លូវអាកាសនៅស៊ីរី ផ្តាច់ជីវិតឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ៥នាក់

តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ទី២០ ខែមករានេះ បានចោទប្រកាន់ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលថា បានផ្តាច់ជីវិតសមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ៥នាក់ ហើយសន្យាថា នឹងសងសឹកវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី បានប្រកាសថ្កោលទោស និងចាត់ទុកការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ជា “ការវាយប្រហារដ៏កំសាក”។ លោក រ៉ៃស៊ី បានសង្កត់ធ្ងន់ថា ការបន្តអំពើភេរវកម្ម និងឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល នឹងទទួលបានការឆ្លើយតបវិញពីប្រទេសអ៊ីរ៉ង់។

ថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani ក៏បានស្តីបន្ទោសធ្ងន់ៗលើអ៊ីស្រាអែលផងដែរ ហើយថា ទីក្រុងតេហេរ៉ង់នឹងរក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹងអំពើភេរវកម្ម។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ នៅថ្ងៃសៅរ៍សប្តាហ៍នេះ អ៊ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាសលើទីក្រុងដាម៉ាស ប្រទេសស៊ីរី ជាហេតុបណ្តាលឱ្យបាត់បង់ជីវិតប្រធាន និងអនុប្រធានចារកម្មរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ប្រចាំនៅស៊ីរី រួមជាមួយសមាជិកដទៃទៀតសរុបចំនួន ៥នាក់។

ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល កើតមានឡើងក្នុងរយៈពេល៤ថ្ងៃ បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាងថា ខ្លួនបានវាយប្រហារលើទីស្នាក់ការចារកម្មរបស់អ៊ីស្រាអែលនៅឯទីក្រុង Arbil ដែលជារដ្ឋធានីនៃខេត្ត Kurdistan ក្នុងប្រទេសអ៊ីរ៉ាក់។ អាជ្ញាធរអ៊ីរ៉ាក់ក៏បានអះអាងដែរថា ការវាយប្រហារនោះ បានសម្លាប់ជនស៊ីវិល ៤នាក់ និង ៦នាក់ផ្សេងទៀតរងរបួស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner