កូរ៉េខាងជើងត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍លោក ពូទីន

ព្យុងយ៉ាង៖ ប្រមុខការទូតកំពូលកូរ៉េខាងជើងនិយាយថា ទីក្រុងព្យុងយ៉ាងត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មកកាន់ប្រទេសកូរ៉េខាងជើង។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ឆូ សុនហ៊ុយ កាលពីសប្តាហ៍មុន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដើម្បីជួបជាមួយសមភាគីរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ថា លោកស្រី ឆូ ប្រាប់លោក ពូទីន ថា រដ្ឋាភិបាលកូរ៉េខាងជើងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកប្រធានាធិបតី ពូទីន មកកាន់ទីក្រុងព្យុងយ៉ាង ហើយត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍មិត្តជិតស្និទ្ធបំផុតរបស់ប្រជាជនកូរ៉េដោយស្មោះស្ម័គ្របំផុត។

បើតាមសេចក្តីថ្លែងការណ៍ដដែល លោក ពូទីន បានបង្ហាញពីឆន្ទៈរបស់គាត់ ក្នុងការធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើងនាពេលខាងមុខនេះ។ បន្ថែមលើនេះ រុស្ស៊ីក៏បានអរគុណដល់កូរ៉េខាងជើងផងដែរ ចំពោះការគាំទ្រ និងសាមគ្គីភាពក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ថ្មីៗនេះ រុស្ស៊ី និងសម្ព័ន្ធមិត្តកូរ៉េខាងជើង បានបង្កើនទំនាក់ទំនងទ្វេភាគី ដោយលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅក្រៅប្រទេសដ៏កម្រមួយ ដើម្បីជួបជាមួយលោក ពូទីន នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី កាលពីខែកញ្ញាឆ្នាំមុន។ ទន្ទឹមគ្នា ប្រទេសលោកខាងលិចបានចោទប្រកាន់រុស្ស៊ី និងកូរ៉េខាងជើងថា បានធ្វើការរួមគ្នាដើម្បីគាំទ្រការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយទីក្រុងព្យុងយ៉ាង ត្រូវបានគេជឿជាក់ថា បានបញ្ជូនកាំភ្លើងធំ និងសព្វាវុធយ៉ាងច្រើនទៅឱ្យសម្ព័ន្ធមិត្តទីក្រុងមូស្គូរបស់ខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner