គណបក្សធម្មាធិបតេយ្យ អបអរសាទរនូវការបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការដោយជោគជ័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅបារាំង
គណបក្សធម្មាធិបតេយ្យ បានធ្វើលិខិតអបអរសាទរនូវការបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការដោយជោគជ័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋបារាំង (ចាប់ពីថ្ងៃទី១៣ ដល់ ទី១៩ ខែមករា ឆ្នាំ២០២៤) ដែលទស្សនកិច្ចផ្លូវការនេះ បាននាំមកនូវកិត្តិយសដ៏ត្រចះត្រចង់ និងផលប្រយោជន៍យ៉ាងធំធេងជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។
គណបក្សធម្មាធិបតេយ្យមើលឃើញថា ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតីនេះ គឺជាជំហានការទូតដ៏សំខាន់មួយ នៃទំនាក់ទំនងកម្ពុជា-បារាំង ដែលបានលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស្និទ្ធស្នាល និងស៊ីជម្រៅថែមមួយកម្រិតទៀត ក្នុងយុគសម័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលើវិស័យសេដ្ឋកិច្ចផងដែរ ដែលក្នុងអំឡុងពេលនៃទស្សនកិច្ចនោះ មានថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់សាធារណរដ្ឋបារាំងរហូតដល់ជាង១០ក្រុមហ៊ុនបានចូលជួបជាមួយសម្តេចមហាបវរធិបតី ហើយក៏បាននាំមកនូវការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនបារាំងមួយចំនួនផងដែរ៕