គណបក្សមហាសាមគ្គីជាតិខ្មែរ អបអរសាទរជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការដោយជោគជ័យនៅបារាំង

ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ នៃគណបក្សមហាសាមគ្គីជាតិខ្មែរ បានធ្វើលិខិតអបអរសាទរជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅវិមានអេលីហ្សេ។

គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញថា សម្តេចធិបតី ជាឥស្សជនបរទេសទីមួយ ដែលប្រធានាធិបតីបារាំង ទទួលស្វាគមន៍នៅដើមឆ្នាំថ្មីនេះ។ នេះសបញ្ជាក់ឱ្យឃើញពីសក្ខីភាពដ៏វិសេសវិសាលចំពោះសក្តានុពលថ្មីនៅក្នុងទំនាក់ទំនងស្និទ្ធស្នាលជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងបារាំងក្នុងរយៈពេលជាង១៨០ឆ្នាំ។ ជាពិសេសគឺការកត់សម្គាល់ឱ្យឃើញនូវសន្ទុះរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងគោលដៅសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រ ដែលជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវភាពស៊ីជម្រៅនៃចំណងមិត្តភាពជិតស្និទ្ធ និងដ៏ល្អប្រពៃជាយូរអង្វែងរវាងប្រទេសទាំងពីរ។

គណបក្សមហាសាមគ្គីជាតិខ្មែរ បានកត់សម្គាល់ឱ្យឃើញថា ពលរដ្ឋ និងនិស្សិតខ្មែរ បានសម្តែងក្តីរំភើបរីករាយ ក្នុងឱកាសដែលបានជួបសម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបង្ហាញអំណរសាទរយ៉ាងក្លៀវក្លា និងការជឿជាក់ យ៉ាងពេញទំហឹងចំពោះសម្តេចធិបតី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បន្តវេនពីរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងភាពជោគជ័យដ៏ធំធេងគួរជាទីមោទនៈដែលកម្ពុជាទទួល បានពីបេសកកម្មរបស់សម្តេចធិបតី នៅប្រទេសបារាំង និងលទ្ធផលនេះកើតចេញពីកត្តារួមផ្សំគ្នារវាងស្នាដៃដែលសាងឡើង ដោយមេដឹកនាំ ជំនាន់ទី១ គឺសម្តេចតេជោ ហ៊ុន សែន និងសមត្ថភាពដ៏ប៉ិនប្រសប់របស់មេដឹកនាំ ជំនាន់ទី២ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ពោលគឺមេដឹកនាំចាស់ពូកែកសាងស្នាដៃ អ្នកដឹកនាំថ្មីពូកែថែរក្សា ពូនជ្រុំ និងពង្រីកបន្ថែម។ ចំណុចខ្លាំងនេះហើយ ដែលបង្កើតបានជាចលករលើកស្ទួយកិត្យានុភាព និងមោទនភាពជាតិខ្មែរឱ្យខ្ពស់ត្រដែតលើឆាកអន្តរជាតិ និងបានផ្តល់ភាពស័ក្តិសមសម្រាប់ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ក៏ដូចជា ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាបារាំង ក្នុងការទទួលបដិសណ្ឋារកិច្ចប្រមុខដឹកនាំកម្ពុជាប្រកបដោយកិត្តិយស នៅលើទឹកដីនៃទ្វីបអឺរ៉ុប៕

ads banner