ចាប់ខ្លួនមនុស្ស៣២នាក់ ពាក់ព័ន្ធនឹងផែនការសម្លាប់ប្រធានាធិបតីនៃប្រទេសវេហ្ស៊ុយអេឡា
ការ៉ាកាស់៖ អាជ្ញាធរប្រទេសវេណេហ្ស៊ុយអេឡាកាលពីថ្ងៃច័ន្ទបានចាប់ខ្លួនជនសង្ស័យ ចំនួន៣២នាក់ ទាក់ទងនឹងការរៀបចំផែនការ ប៉នប៉ុនធ្វើឃាតលោកប្រធានាធិបតី Nicolas Maduro។
ការិយាល័យរដ្ឋអាជ្ញាបានអះអាងថា មនុស្សទាំង៣២នាក់ដែលត្រូវបានចាប់ខ្លួននោះ រួមមានទាំងទាហានផងដែរ ក្រោយពីមានការការស៊ើបអង្កេត អស់រយៈពេលជាច្រើនខែ។
ប្រភពបានអះអាងដែរថា ពួកគេទាំងនេះត្រូវបានចោទប្រកាន់ថា បានឃុបឃិតគ្នា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ក្នុងការចង់សម្លាប់លោកប្រធានាធិបតី Nicolas Maduro ។
អគ្គមេធាវី លោក Tarek William Saab បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុង Caracas កាលពីថ្ងៃទី២២ ខែមករាថា «ជនសង្ស័យទាំងអស់បានសារភាពរួចហើយ ហើយក៏បានបង្ហាញព័ត៌មាន ទាក់ទងនឹងផែនការធ្វើឃាតនេះផងដែរ»។
លោកបាននិយាយទៀតថា ពួកគេត្រូវបានគេចោទប្រកាន់ពីបទក្បត់ជាតិ និងត្រូវកាត់ទោស ពីបទឧក្រិដ្ឋ។ លោកអះអាងថា ក្រៅពីចាប់ខ្លួនមនុស្សទាំង៣២នាក់នេះ ក៏មានដីកាចាប់ខ្លួនមនុស្ស១១នាក់ផ្សេងទៀត រួមទាំង សកម្មជនសិទ្ធិមនុស្ស អ្នកកាសែត និងទាហានដែលកំពុងនិរទេសខ្លួនផងដែរ។ រដ្ឋមន្ត្រីការពារជាតិ លោក Vladimir Padrino ក៏ត្រូវបានគេប៉នប៉ុងសម្លាប់ផងដែរ នេះបើតាមរដ្ឋអគ្គមេធាវីរូបនេះដដែល។
លោកប្រធានាធិបតី Nicolas Maduro បានជំរុញឱ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់មនុស្សដែលត្រូវបានចាប់ខ្លួនទាំងនោះ។
គូរកត់សម្គាល់ថា លោក Maduro បានឈ្នះការបោះឆ្នោត កាលពីឆ្នាំ២០១៨ សម្រាប់អាណត្តិទីពីរជាប់ៗគ្នា ប៉ុន្តែមិនត្រូវបានទទួលស្គាល់ដោយប្រទេសរាប់សិប ហើយក៏រងការដាក់ទណ្ឌកម្ម ពីប្រទេសទាំងផងដែរ។ យ៉ាងណាមិញ ទណ្ឌកម្មទាំងនេះត្រូវបានបន្ធូរបន្ថយ ចាប់តាំងពីរដ្ឋាភិបាលរបស់លោកបានយល់ព្រម រៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំ ២០២៤ ដោយមានវត្តមានអ្នកសង្កេតការណ៍ចូលរួម។
កាលពីឆ្នាំមុន របាយការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពី «ការធ្វើទុក្ខបុកម្នេញលើអ្នកប្រឆាំង» នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ក៏ដូចជា »ការបំភិតបំភ័យ ការធ្វើទុក្ខបុកម្នេញ ការចាប់ខ្លួនតាមអំពើចិត្ត និងធ្វើការចាប់ឃុំខ្លួន លើ អ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយ ជាដើម»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត