អូស្ត្រាលីស្តីបន្ទោសរុស្ស៊ី ចំពោះការវាយប្រហារតាមអ៊ីនធឺណែត

កង់បេរ៉ា៖ ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារ នេះ បានកំណត់អត្តសញ្ញាណមេក្លោងជនជាតិរុស្ស៊ី នៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណែត ឬ ភាសាអង់គ្លេសហៅថា cyber attack ដ៏អាក្រក់។ គេក៏បានអះអាងដែរថា មេក្លោងរូបនេះមានវ័យ ៣៣ឆ្នាំ ហើយត្រូវបានចាត់ទុកថា ជាក្រុមឧក្រិដ្ឋកម្មអន្តរជាតិ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អូស្ត្រាលីបានឲ្យដឹងថា ពួក Hacker បានជ្រៀតចូលទៅក្នុងក្រុមហ៊ុនធានារ៉ាប់រងសុខភាពឯកជនរបស់អូស្ត្រាលី ឈ្មោះថា Medibank កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ ពួកគេបានចូលលួចឯកសារវេជ្ជសាស្ត្រដ៏រសើប ធ្វើឲ្យបែកធ្លាយឯកសារទាំងនេះ ទៅលើគេហទំព័រងងឹត។ ប្រភពបានបន្តថា ទិន្នន័របស់អតិថិជន ៩.៧លាននាក់ បានរងគ្រោះពីការវាយប្រហារតាមអ៊ីនធឺណែត កម្រិតខ្ពស់នេះ ហើយទីភ្នាក់ងារអូស្ត្រាលីចាត់ទុកថា នេះគឺជាការបំពានទិន្នន័យដ៏អាក្រក់បំផុតមួយ របស់អូស្ត្រាលី។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អូស្ត្រាលីបានដាក់ការសង្ស័យជាយូរមកហើយថា ពួក Hacker រុស្ស៊ី ជាអ្នកនៅពីក្រោយការរំលោភបំពានធ្ងន់ធ្ងរនេះ ពោលគឺបន្ទាប់ពីស៊ើបអង្កេត រយៈពេល ១៨ខែ។ ឥឡូវនេះ អូស្ត្រាលីបានចាត់វិធានការដ៏កម្រ ក្នុងការដាក់ឈ្មោះបុគ្គលរូបនេះ ជាអ្នកទទួលខុសត្រូវចំពោះករណីវាយប្រហារតាមអ៊ីនធឺណែតនេះ នោះគឺជាជនរុស្ស៊ីម្នាក់ មានឈ្មោះថា Aleksandr Gennadievich Ermakov។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី លោកស្រី Clare O’Neil បានប្រាប់អ្នកយកព័ត៌មានថា «នេះជាលើកទីមួយហើយ ដែលរដ្ឋាភិបាលអូស្ត្រាលី កំណត់អត្តសញ្ញាណឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងដាក់ទណ្ឌកម្មតាមប្រព័ន្ធអ៊ីនធឺណិត ហើយវាមិនមែនជាចុងក្រោយនោះទេ» ។

លោកស្រី O’Neil ចាត់ទុក ការវាយប្រហារលើក្រុមហ៊ុនធានារ៉ាប់រងសុខភាពឯកជនដ៏ធំបំផុតមួយរបស់អូស្ត្រាលី លើកនេះ គឺជាការវាយប្រហារតាមអ៊ីនធឺណិតដ៏សាហាវបំផុត ដែលមិនធ្លាប់បានជួបប្រទះ នៅក្នុងប្រទេសអូស្ត្រាលី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner