ធនាគារកណ្តាលជប៉ុនរក្សាគោលនយោបាយបន្ធូរបន្ថយរូបិយវត្ថុ
ជប៉ុន៖ ធនាគារកណ្តាលជប៉ុន The Bank of Japan នៅថ្ងៃអង្គារ ទី២៣ ខែមករានេះ បានរក្សាវិធានការ «បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ» របស់ខ្លួន ដោយសារតែមានការរំពឹងទុកថា ឆ្លើយតបយ៉ាងរហ័ស ទៅនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
បន្ទាប់ពីកិច្ចប្រជុំ ជជែកគ្នា អំពីគោលនយោបាយមួយនេះ រយៈពេលពីរថ្ងៃ កន្លងមក សមាជិកក្រុមប្រឹក្សាភិបាលធនាគារកណ្តាលជប៉ុន បានសម្រេចចិត្តរក្សាអត្រាការប្រាក់ ក្នុងប្រទេសជប៉ុន។ ការណ៍នេះត្រូវបានចាត់ទុក ជាភាពមិនធម្មតាកម្រិតសកល ដែលបានជំរុញឱ្យប្រាក់យ៉េន កាន់តែធ្លាក់ចុះ ធៀបនឹងប្រាក់ដុល្លារ។
ក្រុមអ្នកវិភាគបានព្យាករណ៍ថា ធនាគារកណ្តាលជប៉ុនប្រកាន់ខ្ជាប់គោលជំហរបែបនេះ ដើម្បីជៀសវាងផលប៉ះពាល់បន្ថែមទៀត បន្ទាប់ពីមានការរញ្ជួយដី នៅថ្ងៃបុណ្យចូលឆ្នាំសកល ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣៣នាក់ នៅភាគកណ្តាល នៃប្រទេសជប៉ុន។
ក៏ប៉ុន្តែ លោក Kazuo Ueda ទេសាភិបាលនៃធនាគារកណ្តាលជប៉ុនបាននិយាយថា «មានភាពមិនច្បាស់លាស់ខ្ពស់ ជុំវិញសកម្មភាពសេដ្ឋកិច្ច និងតម្លៃទំនិញរបស់ប្រទេសជប៉ុន ហើយធនាគារនឹងបន្តដោយអត់ធ្មត់ ជាមួយនឹងការបន្ធូរបន្ថយរូបិយវត្ថុ ខណៈពេលដែលវាឆ្លើយតបយ៉ាងរហ័សទៅនឹងការអភិវឌ្ឍន៍នៃសកម្មភាពសេដ្ឋកិច្ច និងតម្លៃ ព្រមទាំង លក្ខខណ្ឌហិរញ្ញវត្ថុ»។
សេចក្តីសម្រេចនេះត្រូវបានធ្វើឡើង ស្របពេលដែលជប៉ុនជួបនឹងបញ្ហាអតិផរណាកើនឡើង ហើយធនាគារកណ្តាលនៃប្រទេសផ្សេងៗទៀតបានរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ចាប់តាំងពីឆ្នាំ ២០២២ ដោយពួកគេពួកគេព្យាយាមរក្សាតម្លៃ បញ្ចៀសនូវហានិភ័យ។ គេដឹងថា ធនាគារកណ្តាលជប៉ុនបានចាប់ផ្តើមដាក់ចេញវិធានការបន្ធូរបន្ថយរូបិយវត្ថុបែបនេះ តាំងពីជំនាន់ផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ មកម្ល៉េះ។
តួលេខផ្លូវការបានបង្ហាញ កាលពីថ្ងៃសុក្រ សប្តាហ៍មុនថា អតិផរណារបស់ប្រទេសជប៉ុន ដោយមិនរាប់បញ្ចូលអាហារស្រស់ៗ បានធ្លាក់ចុះម្តងទៀត នៅក្នុងខែធ្នូ ពោលគឺនៅកម្រិត ២.៣ ភាគរយ។
ធនាគារកណ្តាលជប៉ុន ហៅកាត់ BoJ មើលឃើញថា ការកើនឡើងនេះ ត្រូវបានជំរុញដោយសារបញ្ហាថ្លៃថាមពលខ្ពស់។ ជាមួយគ្នានេះ នៅថ្ងៃទី២៣ ខែមករាBoJ បានកែប្រែ «ការព្យាករណ៍អតិផរណា» របស់ខ្លួន សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ដោយបានកែពី២.៨ភាគរយ មកនៅ ២.៤ភាគរយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត