លោក ខេស៊ី បាណេត ៖ សហព័ន្ធចំបាប់ផ្តោតលើការបណ្តុះយុវជន ៥ឆ្នាំ ត្រៀមធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា

ភ្នំពេញេ: លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡា ចំបាប់អាស៊ីអាគ្នេយ៍ និងជា អនុប្រធានសហព័ន្ធកីឡា ចំបាប់កម្ពុជា មានប្រសាសន៍ថា សហព័ន្ធកីឡាចំបាប់កម្ពុជា កំពុងផ្តោតខ្លាំងក្នុងរយ:ពេល៥ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ លើការផលិតធនធាន យុវជនឱ្យសម្បូរបែប និងមានគុណភាព ដើម្បីត្រៀមទទួលរៀបចំ ធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩។ នេះជាការប្រសាសន៍ របស់លោក ខេស៊ី បាណេត ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ បានបិទបញ្ចប់ដោយជោគជ័យ នៅសាលសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ខេស៊ី បាណេត គូសបញ្ជាក់ថា ៖«ជាមួយនឹង ការប្រឹងប្រែង អភិវឌ្ឍធនធានយុវជននេះ គឺសហព័ន្ធ នឹងបន្ថែមរៀបចំ ការប្រកួតក្នុងស្រុក និងនៅតាមខេត្ត ឱ្យបានច្រើនបន្ថែមទៀត។ ជាគោលដៅក្នុងឆ្នាំ២០២៤នេះ សហព័ន្ធ គ្រោងនឹងរៀបចំ ការប្រកួតចំនួន២ នៅខេត្តពោធិ៍សាត់ និងនៅឃុំវិហារសួគ៌ ខេត្តកណ្តាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងក្នុងពេលបុណ្យកឋិន។

បន្ថែមពីលើនេះ អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ក៏បានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូកីឡា ក្លឹបរាជធានីខេត្តទាំងអស់ រួមទាំងកីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួត កីឡាចំបាប់ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ដោយគោរព បាននូវិន័យ បទបញ្ជាការប្រកួត បានល្អប្រសើរ ដែលជំរុញឱ្យព្រឹត្តិការណ៍ ទាំងមូលទទួលបានជោគជ័យ។ ជាមួយនឹងខិតខំរួមគ្នានេះបានធ្វើឱ្យប្រភទកីឡាចំបាប់កម្ពុជាទទួលបានសមិទ្ធផលជាបន្តបន្ទាប់ក្នុងកម្រិតអន្តរជាតិ ដូចជាការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយដណ្តើមបានមេដាយសរុបចំនួន ២០គ្រឿង និងការធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ២ឆ្នាំជាប់ៗគ្នា ឆ្នាំ២០២២ និងឆ្នាំ២០២៣ជាដើម ដោយទទួលបានលទ្ធផលល្អប្រសើរជូនជាតិផងដែរ។

លោក បន្ថែមថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ មានភាពខុសប្លែកពីឆ្នាំមុនៗ ដោយសារ តែមានយុវជន ចូលរួមបានច្រើន ជាពិសេស គឺយុវជនមកពី ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកណ្តាលជាដើម ហើយជាការកត់សម្គាល់ យើងឃើញថា គុណភាពបច្ចេកទេសរបស់កីឡាករកាន់តែល្អប្រសើរជាងឆ្នាំមុនៗ។

ព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់សម័យ-បុរាណ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣មានក្លឹប- សមាគមចូលរួមចំនួន១០ ក្រោមការប្រើប្រាស់កញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានប្រភិតូ គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីចំបាប់ចំនួន ៩០នាក់ ក្នុងនោះមានកីឡាករ ៤៦នាក់ និងកីឡាការិនី ២០ នាក់៕

ដោយ:ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner