រយៈពេល២០ឆ្នាំ CJCC ដើរតួនាទីយ៉ាងសំខាន់ ក្នុងទំនាក់ទងប្រទេសទាំងពីរកម្ពុជា-ជប៉ុន នៅលើគ្រប់ផ្នែក គ្រប់វិស័យ
(ភ្នំពេញ)៖ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន UENO Atsushi បានលើកឡើងថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០៤មក មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភា្ជប់ទំនាក់ទំនង ប្រទេសយើងកម្ពុជា-ជប៉ុន នៅលើគ្រប់ផ្នែក គ្រប់វិស័យ ។
ឯកឧត្តម បន្តថា CJCC បានធ្វើកិច្ចការនេះដោយចូលរួមចំណែកក្នុងសកម្មភាពផ្លាស់ប្តូរអាជីវកម្ម ដោយដើរតួជា ‘មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌’ ដ៏ពេញនិយម និងជានិមិត្តរូបនៃមិត្តភាព សាមគ្គីភាព រវាងប្រទេសជប៉ុននិងកម្ពុជា។
ការលើកឡើងរបស់ ឯកឧត្ដម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក្នុងពិធី អបអរសាទរគម្រប់ខួប២០ឆ្នាំ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។
ឯកឧត្តម បន្តថា ប្រទេសជប៉ុនបានគាំទ្រ CJCC ជាដំណាក់កាល ហើយឥឡូវនេះកំពុងបន្តគាំទ្រ ដំណាក់កាលទី ៥។កិច្ចខិតខំប្រឹងប្រែងពីមុនបានផ្តោតលើការបណ្តុះគំនិតសហគ្រិនកម្ពុជា និងការផ្សព្វផ្សាយវប្បធម៌ជប៉ុន។ បច្ចុប្បន្ននេះ សកម្មភាពផ្គូផ្គងអាជីវកម្មកំពុងដំណើរការ ដោយមានគោលបំណងនាំសហគមន៍ធុរកិច្ចជប៉ុន និងកម្ពុជា។ យើងសង្ឃឹមថាគំនិតផ្តួចផ្តើមនេះនឹងទទួលបានជោគជ័យ ហើយវានឹងរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្ថានទូតជប៉ុននឹងធ្វើការជាមួយ CJCC ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍន៍បន្ថែមទៀត និងបង្កើតវេទិកាសម្រាប់ការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងកម្ពុជា តាមរយៈពាណិជ្ជកម្ម ភាសាជប៉ុន និងការផ្លាស់ប្តូរវប្បធម៌។
ឯកឧត្តម ពិត ចំណាន បានគូសបញ្ជាកក់ថា រាជរដ្ឋាភិបាលនៅពេលនោះ បានផ្តោតការយកចិត្តទុកដាក់ដោយផ្តល់អាទិភាពលើការពង្រឹងនិងការបង្កើនសមត្ថភាពធនធានមនុស្សក្នុងទិសដៅលើកកម្ពស់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាទាំងក្នុងតំបន់និងពិភពលោក ហើយក្នុងន័យនេះការបណ្តុះបណ្តាលធនធានមនុស្សផ្នែកធុរកិច្ចពិតជាមានសារៈសំខាន់។ ឯកឧត្តម បន្តថា ដោយយល់ពីសារៈសំខាន់នេះហើយ ទើបCJCC ត្រូវបានបង្កើតឡើងក្នុងគោលដៅពីរសំខាន់ៗ៖ ទី១) លើកកម្ពស់សមត្ថភាព និងអភិវឌ្ឍធនធានមនុស្សក្នុងផ្នែកគ្រប់គ្រងធុរកិច្ចដើម្បីជំរុញសេដ្ឋកិច្ចទីផ្សារដែលមានលក្ខណៈប្រកួតប្រជែង និងទី២) ពង្រឹងកិច្ចសហប្រតិបត្តិការនិងការយោគយល់គ្នាទៅវិញទៅមករវាងកម្ពុជា-ជប៉ុនឱ្យកាន់តែរឹងមាំបន្ថែមទៀតតាមរយៈការបណ្តុះបណ្តាលភាសាជប៉ុន និងកម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា-ជប៉ុន។
លោកបណ្ឌិត ឃឹម លាង បានឪ្យដឹងថា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុននៃសាកលវិទ្យាល័យភូមិន្ទ បានរួមចំណែកក្នុងបណ្តុះបណ្តាលមូលធានមនុស្សបានចំនួនប្រមាណ ៣០ ៥០០នាក់ ដែលជាម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងបុគ្គលិកនៅក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន នៅរាជ ធានីភ្នំពេញនិងតាមបណ្តាខេត្តនានា។ កម្មវិធីបណ្តុះបណ្ដាលផ្នែកអាជីវកម្មមានដូចជា វគ្គសហគ្រិ នភាព ឧត្តមានុវត្តនៃការគ្រប់គ្រងតាមបែបជប៉ុន កម្មវិធីពន្លឿនអាជីវកម្ម ការគ្រប់គ្រងអាជីវកម្ម សម្រាប់ថ្នាក់ដឹកនាំក្រុមហ៊ុន វគ្គបណ្តុះបណ្តាលតាមការស្នើសុំពីអតិថិជន ជាដើម។
បន្ទាប់ទទួលការបណ្តុះបណ្តាលនៅក្នុងប្រទេស សិក្ខាកាមមួយចំនួនត្រូវបានផ្តល់ឱកាសចូលរួម ធ្វើទស្សន ស្សនៈកិច្ចសិក្សាទៅកាន់ប្រទេសជប៉ុនដើម្បីទទួលបានចំណេះដឹងបន្ថែមទៀត ក៏ដូចជាធ្វើការ ផ្លាស់ប្តូរបទពិសោធជាមួយថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុននៅប្រទេសជប៉ុន។លើសពីនេះ សិក្ខាកាមមានឱកាសជួបជាមួយវិនិយោគិន និងស្ថាប័នផ្តល់ហិរញ្ញប្បទាន ដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនបន្ថែមទៀត៕
អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា