អាជ្ញាធរជាតិអប្សរាគ្រោងធ្វើឱ្យប្រាសាទបាយ័នមានស្រះទឹកដូចពីសម័យបុរាណឡើងវិញ
ភ្នំពេញ៖ក្រុមអ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងតែ ធ្វើកំណាយស្រាវជ្រាវនៅផ្នែកទិសអាគ្នេយ៍ជាប់ប្រាសាទ បាយ័ន ដែលគេជឿថា ពីមុន គឺជារចនាសម្ព័ន្ធរបស់ស្រះទឹកបុរាណ ដើម្បីសិក្សាអំពីកំណកដី និងទំហំស្រះនោះដើម្បី ឈាន ទៅរក ការស្ដារស្រះស្ដុកទឹកឱ្យមានឡើងវិញដូចកាលពីសម័យបុរាណ។នេះបើយោងតាមប្រភពអាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៣ ខែមករា។

ប្រភពដដែលបានស្រង់សម្ដីបុរាណវិទូ លោក ខៀវ ច័ន្ទ មកបញ្ជាក់ ថា កំណាយដែលក្រុមការងារកំពុងធ្វើនោះ គឺ ជាកំណាយ សង្គ្រោះដែលជាគម្រោងរបស់នាយកដ្ឋាន គ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សិក្សា ដើម្បីចង់ដឹងឱ្យប្រាកដ ថាតើរចនាសម្ព័ន្ធរបស់ស្រះកាលពី សម័យបុរាណមានទំហំប៉ុណ្ណា? តើមានអ្វីខ្លះនៅតាមច្រាំង និងមាត់ស្រះ? ហើយ តើអាចម៍ដីដែលលុបស្រះនេះគឺជា ដី ដែលហូរច្រោះមកតាមទឹកឬក៏ជាអាចម៍ដីដែលគេចាក់លុបនៅក្រោយពេលដែលអង្គរត្រូវគេបោះបង់ឋានៈជារាជធានី?។

លោក ខៀវ ច័ន្ទ បន្តថា ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុង គោល បំណងសិក្សាអំពីទំនាក់ទំនងរវាងស្រះទឹក និងកំពែង បុរាណ ដើម្បីឱ្យប្រាកដថាតើរចនាសម្ព័ន្ធរបស់ ស្រះទឹកសម័យ បុរាណនោះ មានទំហំត្រឹមណាឱ្យពិតប្រាកដ?។
ក្រុមអ្នកបុរាណវិទូឱ្យដឹងថា នៅពេលណាដែលអ្នកជំនាញ បានសិក្សាស្រាវជ្រាវពីទំហំស្រះ មាត់ច្រាំងស្រះនិងជម្រៅ ស្រះបុរាណ ទៅតាមប្រវត្តិសាស្ត្ររួចរាល់ហើយនោះគឺ ក្រុម ការងារនឹងស្ដារស្រះបុរាណដើម្បីឱ្យស្ដុកទឹកមាននៅប្រាសាទបុរាណបាយ័នឱ្យដូចសម័យកាលបុរាណឡើងវិញ៕




ប្រភពនិងរូបភាពអាជ្ញាធរអប្សរា