រដ្ឋមន្រ្តីកិច្ចការនារី៖ ពិព័រណ៌គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ ជាព្រឹត្តិការណ៍សំខាន់ ក្នុងការពង្រីកទីផ្សារក្នុងស្រុក និងក្រៅប្រទេស
ភ្នំពេញ៖ ពិព័រណ៌គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៥ ឆ្នាំ២០២៤ នឹងបើកដំណើរការរយៈពេល ៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១ ដល់ទី២៥ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ថ្លែងថា កម្មវិធីពិព័រណ៌គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៥ ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍សំខាន់ ដែលនឹងផ្តល់កាលានុវត្តភាព ក្នុងការបង្ហាញគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា រួមទាំងគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់ពិភពលោក ដើម្បីការបង្កើត និងពង្រីកទីផ្សារជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់បណ្តាពាណិជ្ជករ អាជីវករ ក្រុមហ៊ុនគ្រឿងអលង្ការ និងដៃគូពាក់ព័ន្ធ ទាំងក្នុងប្រទេស និងក្រៅប្រទេស បន្តកិច្ចសហការ និងចូលរួមផ្លាស់ប្តូរគំនិត និងសិក្សាពីគ្នាទៅវិញទៅមក ដើម្បីជំរុញភាពជឿនលឿននៃអាជីវកម្មរបស់ខ្លួន, បង្កើនគុណភាព និងភាពសម្បូរបែបប្រកបដោយភាពច្នៃប្រឌិតរបស់ផលិតផលខ្លួន ដោយផ្សាភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាឌីជីថល ដើម្បីឈានទៅពង្រីកវិសាលភាពទីផ្សារនៅថ្នាក់តំបន់ និងអន្តរជាតិ។

លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្តីទី សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៌នេះ គឺជាវេទិកាដ៏ល្អមួយ បង្ហាញពីសក្តានុពលនៃវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា អាចឱ្យអតិថិជនស្វែងយល់បានកាន់តែច្បាស់ ពីការរីកចម្រើននៃវិស័យគ្រឿងអលង្ការ និងការរចនាម៉ូតនៃគ្រឿងអលង្ការនាពេលបច្ចុប្បន្ន។

លោកបណ្ឌិត ឆាយ ស៊ីណាត បន្ថែមថា ពិព័រណ៌នេះដែរ ក៏ជាឱកាសល្អសម្រាប់គ្រប់ពាណិជ្ជករ អ្នកច្នៃម៉ូតគ្រឿងអលង្ការកម្ពុជាយើង អាចបានជួបដៃគួរបរទេសសហការគ្នា ក្នុងការជម្រុញពាណិជ្ជកម្មរបស់ខ្លួនបានថែមទៀតផង។ នៅក្នុងសន្និសិទសារព័ត៌មាន ស្តីពីពិព័រណ៌គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៥ ឆ្នាំ២០២៤ នៅសាលប្រជុំអគារ Morgan Tower នាល្ងាចថ្ងៃទី២២ ខែមករានេះ ក៏មានកម្មវិធីចុះអនុស្សរណៈយោគយល់រវាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ជាមួយក្រុមហ៊ុនដៃគូសហការ និងការប្រកាសដេញថ្លៃញញួរ និងគ្រឿងកិត្តិយសផងដែរ។

គួរបញ្ជាក់ថា ពេញមួយឆ្នាំ២០២៣ កម្ពុជារកចំណូលបានពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ទៅកាន់ទីផ្សារអន្ដរជាតិជាង ៨៥១លានដុល្លារ កើនឡើង ២៦១ភាគរយ បើធៀបនឹងឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៕ អត្ថបទ៖ ឈឹម ទីណា

