សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យអគ្គស្នងការនគរបាលជាតិ ពិនិត្យ និងពង្រឹងលើការពិនិត្យជាតិអាកុល ខណៈគ្រោះថ្នាក់ចរាចរណ៍ប៉ុន្មានថ្ងៃមកនេះ គឺដោយសារតែគ្រឿងស្រវឹង
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យ អគ្គស្នងការនគរបាលជាតិ ពិនិត្យ និងពង្រឹងលើការពិនិត្យជាតិអាកុល ខណៈគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺដោយសារតែគ្រឿងស្រវឹង ។ ប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។
សម្ដេចធិបតី បានមានប្រសាសន៍ថា រឿងស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ដូចច្រើន ដូច្នេះសុំឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យមើល ពង្រឹងឡើងវិញលើការពិនិត្យជាតិអាកុល ព្រោះវាសោកនាដកម្មណាស់ ឧទាហរណ៍ប៉ុន្មានថ្ងៃមុននេះ មានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស ៤នាក់ ។
សម្ដេចបន្តថា អត់មានអ្នកណាចង់ទេ ប៉ុន្តែជាតិស្រវឹងហ្នឹងនៅក្នុងខ្លួន អញ្ចឹងទេត្រូវធ្វើយ៉ាងម៉េចទប់អាហ្នឹងកុំឲ្យវាចូលខ្លួន ហើយទៅបើកបរដោយឥតប្រយ័ត្នប្រយែង ។ ដូច្នេះត្រូវពង្រឹងច្បាប់ ពង្រឹងការត្រួតពិនិត្យ ។ មហាជនត្រូវចូលរួម សាម៉ីខ្លួនក៏ត្រូវចូលរួមដូចគ្នា ។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអារម្មណ៍សោកស្ដាយ និងក្ដីសង្វែកដែលសមាជិកម្នាក់បានបាត់បង់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះ ដោយថ្ងៃមុនកីឡាករម្នាក់ទៅ ហើយថ្ងៃមុននេះបាត់បង់ជីវិត ៤នាក់ ដែលមើលទៅសុទ្ធតែជាអ្នកខិតខំប្រឹងរៀន អ្នកខ្លះគ្រួសារខ្វះខាត អនាគតនៅវែងឆ្ងាយ ។
សម្ដេចធិបតី ហ៊ុន ម់ាណែត បានបញ្ជាក់ថា គ្រោះថ្នាក់ធំរបស់យើងបច្ចុប្បន្ន គឺគ្រោះថ្នាក់ចរាចរណ៍នេះឯង ស្លាប់ច្រើនជាងករណីគ្រាប់បែក គ្រាប់មីនទៅទៀត ។
សូមរំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅចំណុចក្រោមស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ១៩យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ។ បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា អ្នកបើករថយន្តបង្ក បុកមនុស្សស្លាប់ ៤នាក់ របួស ៤នាក់ និងខូចខាតរថយន្ដ និងម៉ូតូ មួយចំនួននោះ មានឈ្មោះ នាង សំអូន មានតួនាទីជា អនុប្រធានគយតំបន់ ៣ ៕
ដោយ ៖ វណ្ណលុក