សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល ៥ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ សម្ដេចបានធ្វើកិច្ចការ និងដោះស្រាយបញ្ហាជាច្រើន តាមរយៈការទទួល បាន ព័ត៌មាន តាមបណ្ដាញផ្សព្វផ្សាយសង្គម

(ភ្នំពេញ)៖ រយៈពេល ៥ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ សម្ដេចបានធ្វើកិច្ចការ និងដោះស្រាយបញ្ហាជាច្រើន តាមរយៈការទទួលបានព័ត៌មាន តាមបណ្ដាញ ផ្សព្វ ផ្សាយសង្គម ។ នេះជាប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងរយៈពេល ៥ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ សម្ដេចបានធ្វើកិច្ចការ និងដោះស្រាយបញ្ហាជាច្រើន តាមរយៈការទទួលបានព័ត៌មាន តាមបណ្ដាញផ្សព្វផ្សាយសង្គម។ កិច្ចការ និងបញ្ហាទាំងនោះ គឺសម្ដេចដោះស្រាយដោយខ្លួនឯងដោយផ្ទាល់ និងបញ្ជូនទៅកាន់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចាត់វិធានការដោះស្រាយ ជាបន្តបន្ទាប់។ ត្រង់ចំណុចនេះ សម្តេច ថា កន្លងមក សម្តេចបានមើលឃើញថាមានក្រសួង ស្ថាប័នមួយចំនួន បានតាមដានព័ត៌មានដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រហូតឈានទៅដោះស្រាយបញ្ហាទាំងនេះ បានទាន់ពេលវេលា និងចំពោះមុខ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យអភិបាលរាជធានី-ខេត្ត ក៏ដូចជាប្រធានស្ថាប័នទាំងអស់ ត្រូវប្រើវិធានការហ្នឹងឱ្យបានច្រើន ជាពិសេស អ្វីដែលពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ខ្លួន គឺត្រូវចាត់ចែងកិច្ចការឱ្យលឿន ព្រោះជូនកាលចាំតែលិខិតបទដ្ឋាន របាយការណ៍ពីក្រោមវាយូរ ហើយជួនកាលរបាយការណ៍ពីក្រោមតាមនីតិវិធីរដ្ឋបាល គឺវាផ្អមបាត់ហើយ ឬរឿងដែលតូច ក្លាយជារឿងធំបាត់ទៅហើយ ។

សម្តេច បន្តថា ក្នុងនាមជាអភិបាលរាជធានី-ខេត្ត ប្រធានស្ថាប័ន គឺមានទម្ងន់ក្នុងការបញ្ជាពន្លត់នូវបញ្ហាដែលកើតឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានទាន់ពេលវេលា។ កិច្ចការខ្លះអភិបាលរាជធានី-ខេត្ត ប្រធានស្ថាប័ន បញ្ជាចេញភ្លាមនោះនឹងដោះស្រាយបានភ្លាមៗផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា មិនត្រូវប្រើប្រព័ន្ធឌីជីថល ដើម្បីតែទទួលព័ត៌មាននោះទេ តែត្រូវប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីដោះស្រាយបញ្ហា ចំណុចនេះ គឺជាកិច្ចការងារដ៏សំខាន់ ។

ជាមួយគ្នានេះដែរ សម្តេចធិបតី ក៏សូមអរគុណដល់គ្រប់ប្រព័ន្ធព័ត៌មាន ដែលបានជួយផ្សព្វផ្សាយនូវព័ត៌មានត្រឹមត្រូវ ចូលរួមដោះស្រាយបញ្ហា ដើម្បីជួយធានានូវប្រសិទ្ធភាព នៃការដឹកនាំ បម្រើប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាលនៅគ្រប់ជាន់ថ្នាក់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានខិតខំដោះស្រាយបញ្ហា នៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ក្រោយពីទទួលបានព័ត៌មានចេញពីបណ្ដាញសង្គមនានា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner