សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អំណាចសារព័ត៌មាន គឺជាអំណាចទី៤

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា អំណាចសារព័ត៌មាន គឺជាអំណាចទី៤ អំណាចនេះប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង សម្រាប់ថែរក្សាសន្តិភាពស្ថេរភាព សម្រាប់ផ្តល់ថាមពលឱ្យប្រជាពលរដ្ឋយើងអាចធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការប្រសិទ្ធភាព។ ប្រជាពលរដ្ឋយើងមានសិទ្ធិទទួលបានព័ត៌មានដែលពាក់ព័ន្ធនឹងសង្គមជាតិ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ តាមរយៈការទទួលបាននូវព័ត៌មានពីគ្រប់មធ្យបាយគ្រប់ច្រក។ ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ទៀតថា វិស័យព័ត៌មាន គឺជាកតាលីករដ៏សំខាន់នៅក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយព័ត៌មានអំពីសង្គមជាតិ និងការបង្ហាញអំពីថតភាពសង្គម និងការអភិវឌ្ឍ។ ជាក់ស្តែងនៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកន្លងមក វិស័យព័ត៌មានបានរួមចំណែកដោយផ្អែកលើមុខងារសំខាន់ៗ ដូចជាៈ ទី១.ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ ទី២.បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល ទី៣.ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង ទី៤.ជាឆ្មាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និងទី៥.ចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ភាពចូលនៅក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner