សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការណែនាំ និងចង្អុលបង្ហាញដល់អ្នកសារព័ត៌មានមួយចំនួន ដែលធ្វើសកម្មភាពផ្សាយផ្ទាល់ ត្រូវគោរពសិទ្ធិអ្នកដទៃ
(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យមានការណែនាំ និងចង្អុលបង្ហាញដល់អ្នកសារព័ត៌មានមួយចំនួន ដែលធ្វើសកម្មភាពផ្សាយផ្ទាល់ ត្រូវគោរពសិទ្ធិអ្នកដទៃ ករណីខ្លះផ្សាយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកថតផ្សាយ ត្រូវគោរពសិទ្ធិអ្នកដទៃផងដែរ មិនមែនចេះតែថតផ្សាយដាក់មុខគេពេញៗនោះទេ អ្នកថត អាចថតឆ្ងាយៗបាន ត្រូវគិតពីសិទ្ធិអ្នកដទៃដែរ ។ សម្តេច ក៏បានណែនាំឱ្យអ្នកព័ត៌មាន ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន មិនមែនអាងខ្លួនជាអ្នកព័ត៌មាន ចូលដល់ផ្ទះគេ ថតម្ចាស់ផ្ទះដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះនោះទេ ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីរក្សាតម្លៃអ្នកសារព័ត៌មាន។ សម្តេច ក៏បានកោតសរសើរដល់អ្នកព័ត៌មានផងដែរ ដែលបានខិតខំផ្សព្វផ្សាយព័ត៌មានពិត ហើយរាជរដ្ឋាភិបាល នឹងយកចិត្តទុកដាក់ដល់អ្នកព័ត៌មាន មានវិជ្ជាជីវៈ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ លោក វ៉េង លឹមហួត និង លោក សួងពិសិដ្ឋ