សម្តេចនាយករដ្ឋមន្រ្តី៖ បច្ចេកវិទ្យា អេអាយ មិនមែនអាក្រក់ ទាំងអស់ នោះទេ តែក៏បង្ហាញក្ដីបារម្ភ ដែលអេអាយ អាច បង្កើត ព័ត៌មាន ក្លែងក្លាយ នាំមកនូវគ្រោះថ្នាក់ដល់សង្គមជាតិ
ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ក្រសួង ព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន បង្ហាញក្តីបារម្ភចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តឬអេអាយ (Artificial Intelligence – AI) ដែលអាចបង្កើតនូវព័ត៌មាន ក្លែងក្លាយ ដែលនាំឱ្យមានគ្រោះថ្នាក់ដល់សង្គមជាតិ ក៏ដូចជា ពិភពលោក។
សម្តេចបានថ្លែងថា នៅពេលនេះក្នុងក្របខ័ណ្ឌអន្តរជាតិ បាន នាំគ្នាគិតគូររួចទៅហើយ អំពីគ្រោះថ្នាក់នៃការបង្កើតព័ត៌មាន ក្លែង ក្លាយ តាមរយ AI ។ តែយ៉ាងណា សម្តេចធិបតី ក៏បាន បញ្ជាក់ដែរថា បច្ចេកវិទ្យា AI មិនមែនអាក្រក់ទាំងអស់នោះទេ បច្ចេកវិទ្យានេះ នឹងផ្តល់នូវថាមពលថ្មី ផលិតភាពថ្មី ដើម្បី ពង្រឹង ប្រសិទ្ធភាពការងារ បើប្រើប្រាស់ក្នុងផ្លូវត្រូវ ។
សម្តេចធិបតី បន្តថា ការបង្កើតនូវព័ត៌មានក្លែងក្លាយ ឱ្យ មាន ការវាយកាប់ចាក់ មានការសងសឹកចុះឡើងនេះជា បញ្ហា គ្រោះថ្នាក់ធំ ។ហេតុនេះហើយដែល AI ចាប់ផ្តើមមានបញ្ហា ហើយ គ្រប់ប្រទេស ទាំងអស់រហូតដល់មានការគិតគូរជា ក្របខ័ណ្ឌអន្តរជាតិរួចទៅហើយ ព្រោះ AI វិវត្តន៍មួយទៀត។ បច្ចេកវិទ្យាពីមុនត្រឹមតែយកសំឡេងក្លែងក្លាយយកមកដាក់ ឥឡូវធ្វើរូបឱ្យនិយាយព័ត៌មានចេញតែម្តង ហើយនេះគឺជា គ្រោះថ្នាក់ធំ ណាស់សម្រាប់ជាតិរបស់យើង ក៏ដូចជាសកល លោក ។
ក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ធ្វើការរៀបចំបទដ្ឋានគតិយុត្តនានា ដើម្បីគ្រប់គ្រងការប្រើប្រាស់ AI ឱ្យបានត្រឹមត្រូវ សម្រាប់ បម្រើដល់ប្រយោជន៍សង្គម និងប្រទេសជាតិ ៕
ដោយ៖វណ្ណលុក