សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបញ្ឈប់ផ្សព្វផ្សាយ ការសេពគ្រឿងស្រវឹង នៅលើឆាកតន្ដ្រី ឬវេទិកានានា

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបញ្ឈប់ការផ្សព្វផ្សាយ ការសេពគ្រឿងស្រវឹង នៅលើឆាកតន្ដ្រី ឬវេទិកានានា បន្ទាប់ពីបានណែនាំឱ្យ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យរឹតបណ្ដឹងការបើកបរសេពគ្រឿងស្រវឹងឱ្យបានម៉ឺងម៉ាត់បំផុត ។ ប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។

សម្ដេចធិបតី បានប្រកាសហាមពិធីករ ពិធីការិនី កុំធ្វើការផ្សព្វផ្សាយសកម្មភាពសេពគ្រឿងស្រវឹងនៅលើឆាកតន្ដ្រី ។ សម្ដេច ក៏បានក្រើនរម្លឹកដល់គ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ ត្រូវបញ្ឈប់ការហៅមនុស្សឱ្យឡើងទៅលើឆាក ហើយគាស់គ្រឿងស្រវឹង ដែលជាកំហុសខុសឆ្គងយ៉ាងខ្លាំង។

សម្ដេចបន្តថា ចំណែកឯក្រមសីលធម៌ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ត្រូវរួមគ្នាទប់ស្កាត់នៃការផ្សព្វផ្សាយគ្រឿងស្រវឹង និងស្នើឱ្យអ្នកសារព័ត៌មាន បង្កើនការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងអំពីផលប៉ះពាល់នៃគ្រឿងស្រវឹង។ លើសពីនេះទៅទៀត អ្នកសារព័ត៌មានទាំងអស់ត្រូវរួមគ្នារក្សាតម្លៃនិងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន ។

សូមជម្រាបជូនថា ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅចំណុចក្រោមស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ១៩យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បណ្ដាលឱ្យបាត់បង់ជីវិតមនុស្សចំនួន ៤នាក់ ដោយមន្ត្រីគយ ស្រវឹងស្រា មានអ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានស្នើសុំ ឱ្យបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងផងដែរ ។

សូមបញ្ជាក់ដែរថា យោងតាមសេចក្តីប្រកាសព័ត៍មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់អ្នកបើករថយន្តក្នុងស្ថានភាពស្រវឹងបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង បណ្តាលឱ្យមានមនុស្សស្លាប់ ៤នាក់ និងរបួសមនុស្ស ៤នាក់ ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ បើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០.៥៤មីលីក្រាមក្នុងមួយលីត្រខ្យល់ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ៨៣ កថាខណ្ឌ២ ចំណុច ខ,គ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ,គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ លោក វ៉េង លឹមហួត និង លោក សួងពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner