គ្រោះបាក់ដីនៅចិន សម្លាប់មនុស្សកើនដល់ ៣១នាក់
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនរាយការណ៍ថា ចំនួនអ្នកស្លាប់បន្តកើនឡើងដល់ ៣១នាក់ហើយ គិតត្រឹមយប់ថ្ងៃអង្គារទី២៣ ខែមករានេះ បន្ទាប់ពីគ្រោះរអិលបាក់ដីវាយប្រហារខេត្ត Yunnan ស្របពេលដែលក្រុមសង្រ្គោះកំពុងជំនះឧបសគ្គទាំងក្រោមសីតុណ្ហភាពយ៉ាងត្រជាក់ និងព្រិលធ្លាក់ ដើម្បីរុករកមនុស្សកំពុងបាត់ខ្លួន។
គ្រោះរអិលបាក់ដីបានកប់ផ្ទះចំនួន ១៨ខ្នង និងជំរុញឱ្យមានការជម្លៀសមនុស្សជាង ២០០នាក់ នៅពេលដែលវាវាយប្រហារលើស្រុក Zhenxiong ខេត្ត Yunnan កាលពីព្រឹកថ្ងៃចន្ទទី២២ ខែមករានេះ។ ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួររាយការណ៍ថា ជិត ៣៦ម៉ោងចាប់តាំងពីកើតមានគ្រោះមហន្តរាយនេះ មនុស្ស ៣១នាក់ត្រូវគេបញ្ជាក់ថា បានស្លាប់ និង ២៤នាក់ទៀតនៅតែបាត់ខ្លួន។
ក្រុមជួយសង្គ្រោះកំពុងប្រណាំងនឹងពេលវេលា ដើម្បីស្វែងរកអ្នកដែលនៅតែបាត់ខ្លួន ទាំងក្រោមសីតុណ្ហភាពត្រជាក់ខ្លាំង។ឆ្លើយតបនឹងបញ្ហានេះដែរ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទសប្តាហ៍នេះ បានចេញបញ្ជាឲ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយសង្គ្រោះ។
គួរបញ្ជាក់ថា ប្រទេសចិនបានជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ភាគច្រើនកើតឡើងដោយសារការប្រែប្រួលអាកាស ដូចជាភ្លៀងធ្លាក់ខ្លាំងភ្លាមៗជាដើម។ តួយ៉ាង ព្យុះភ្លៀងកាលពីខែកញ្ញាឆ្នាំមុន នៅតំបន់ភាគខាងត្បូងនៃខេត្តក្វាងស៊ី បានបង្កឱ្យមានការរអិលបាក់ដីភ្នំ សម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់។ ដោយឡែកកាលពីខែសីហាឆ្នាំមុន ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កឱ្យមានគ្រោះមហន្តរាយស្រដៀងគ្នានេះ នៅជិតទីក្រុងស៊ីអាន ភាគខាងជើង សម្លាប់មនុស្សជាង ២០នាក់ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា