កីឡាការិនី អាន ស៊ីណែត៖ បាល់បោះជិះរទេះនារីកម្ពុជា រីកចម្រើនជាងមុន ទោះរកកៅអីកីឡាបារ៉ាឡាំពិក-ប៉ារីសមិនបានក្ដី
ភ្នំពេញ៖ប្រតិភូបាល់បោះរទេះ នារីកម្ពុជា បានមកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីបានចូលរួមប្រកួតជើងឯកបាល់បោះរទេះនារី ទ្វីបអាស៊ី-អូសេអានី និងជម្រុះកៅអីកីឡាប៉ារ៉ាឡាំពិក ប៉ារីស ឆ្នាំ២០២៤ នាប្រទេសថៃ ដោយ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ កីឡាការិនី អាន ស៊ីណែត ប្រធានក្រុមបាល់បោះរទេះនារីកម្ពុជា បានអះអាងថា ថ្វីដ្បិតតែក្រុមកម្ពុជា មិនទទួលបានកៅអីសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ កីឡាប៉ារាំឡាំពិកប៉ារីស ២០២៤ក្ដី ក៏បច្ចេកទេសរបស់សមាជិកក្រុមមានការីកចំរើន ជាងមុន បើប្រៀបធៀបទៅនឹង ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ប្រធានក្រុមរូបនេះ បានបញ្ជាក់ថា រយៈពេល២សប្ដាហ៍ ការប្រកួតជម្រុះ ស្វែងរកកៅអី ប៉ារាំឡាំពិក នៅក្រុងប៉ារីស ២០២៤ លើវិញ្ញាសា៥ទល់៥ ក្រុមនារីកម្ពុជា ធ្វើពុំសូវបានល្អ តែបើបច្ចេកទេស គឺមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ចំណែកការប្រកួតជើងឯកអាស៊ីអូសេអានី ឆ្នាំ២០២៤ លើវិញ្ញាសា៣នាក់ទល់នឹង៣នាក់វិញ កម្ពុជាធ្វើបានយ៉ាងល្អ ដោយអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រ ទោះបីចាញ់ក្រុមខ្លាំងចិនក៏ដោយ ។

សូមជម្រាបថា ការប្រកួតជើងឯកបាល់បោះរទេះនារី ទ្វីអាស៊ីអូសេអានី ឆ្នាំ២០២៤ ដែលថៃធ្វើជាម្ចាស់ផ្ទះ លើ២វិញ្ញាសា គឺវិញ្ញាសា ៣នាក់ទល់៣នាក់ និង ៥នាក់ទល់និង៥នាក់ ទាំងបុរសនិងនារី តែកម្ពុជាបញ្ជូនតែវិញ្ញាសានារីប៉ុណ្ណោះ។ ជាលទ្ធផលវិញ្ញាសា ៣នាក់ទល់នឹង៣នាក់ ឈ្នះមេដាយប្រាក់ ក្រោយចាញ់ក្រុមចិន នៅវគ្គផ្ដាច់ព្រ័ត្រ ។ រីឯវិញ្ញាសា៥នាក់ទល់នឹង៥នាក់ ក្រុមនារីកម្ពុជាក៏ធ្វើបានល្អដែរ ដោយឈ្នះ៤ប្រកួតជាប់ៗគ្នា លើក្រុមឥណ្ឌា ហ្វីលីពីន ឡាវ និងក្រុមតំបន់អូសេអានី។ តែគួរឪ្យសោកស្ដាយប្រកួតចុងក្រោយជាជំនួបកាត់សេចក្ដី រកបេក្ខភាពលេខ១ ក្នុងពូលបានចាញ់ម្ចាស់ផ្ទះថៃ ៕
អត្ថបទ : ចាន់ វិចិត្រ រូបភាព ងីម ឆាយហួត



